(ព្រះសីហនុ)៖ កិច្ចប្រជុំពិភាក្សាជាមួយ អ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មន្ត្រីតំណាងក្រសួង-ស្ថាប័ននានា ក្នុងរដ្ឋបាលតំបន់ និងវិនិយោគិន លោក ជា វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យវិនិយោគិនរក្សាភាពស្ងៀមស្ងាត់ បន្តដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី និងរង់ចាំដោយក្តីសង្ឃឹមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងកិច្ចជំនួបពិភាក្សារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកដំណោះស្រាយជូនវិនិយោគិន នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានសង្ខេប ស្តីពីវឌ្ឍនភាពរបស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុរួចមក វិនិយោគិនដែលអញ្ជើញមកពីតំណាងក្រុមហ៊ុនផ្សេងៗ ក៏បានលើកឡើងនូវបញ្ហាមួយចំនួន រួមមាន៖ ១) បញ្ហាប្រឈមដែលក្រុមហ៊ុនបាន និងកំពុងជួបប្រទះ, ២) ការកង្វល់ទៅលើបញ្ហាពន្ធ ដែលសហរដ្ឋអាម៉េរិកបានកំណត់មកលើប្រទេសកម្ពុជា នាពេលថ្មីៗនេះ, និង ៣) សំណូមពរមួយចំនួនផងដែរ។
ជាការឆ្លើយតប លោក ជា វុទ្ធី បានបញ្ជាក់នូវទិដ្ឋភាពពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ និងការផ្តល់កិច្ចសម្រួលនានា ជូនអ្នកវិនិយោគ របស់មន្រ្តីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ឆ្លៀតក្នុងឱកាសនេះដែរ លោកបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែខ្វល់ខ្វាយ និងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់វិនិយោគិន ជាក់ស្តែងករណីបញ្ហាពន្ធ ដែលបានលើកឡើងខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០២៥មកម្លេះ ហើយបន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសពត៌មានអំពីការកំណត់ពន្ធ ទៅលើបណ្តាប្រទេសនានា រួមទាំងប្រទេសកម្ពុជា នោះរាជរដ្ឋាភិបាលកម្ពុជាបានបើកកិច្ចប្រជុំបន្ទាន់ ជាបន្តបន្ទាប់ ដើម្បីប្រមូលនូវធាតុចូលនានា ដើម្បីពិនិត្យ និងឆ្លើយតបទៅនិងភាគីសហរដ្ឋអាម៉េរិកវិញផងដែរ។
ជាលទ្ធផល រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការចំនួន ២ ដែលចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងស្នើឱ្យមានកិច្ចចរចារទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា, ការបង្ហាញឆន្ទះក្នុងការបញ្ចុះអត្រាពន្ធរបស់កម្ពុជា ក្នុងកម្រិតអតិប្បរមាពី៣៥% មកនៅត្រឹម ៥%, និងស្នើឱ្យមានការពន្យារពេល សម្រាប់អនុវត្តន៍អត្រាពន្ធដែលបានកំណត់។
ទន្ទឹមគ្នានេះដែរ លោក ជា វុទ្ធី បានស្នើដល់មន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ ដើម្បីទទួលដំណើរទស្សកិច្ចដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ដែលគ្រោងនឹងអញ្ជើញធ្វើដំណើរទស្សកិច្ចមកកាន់តំបន់សេដ្ឋពិសេសក្រុងព្រះសីហនុ នាចុងខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ ព្រមទាំងបានផ្តល់អនុសាសន៍ដល់មន្ត្រីតំណាងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន គាំទ្រនិងជួយសម្របសម្រួលនីតិវិ ធីជូនក្រុមហ៊ុនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យក្នុងការវិនិយោគនៅប្រទេសកម្ពុជា៕