(ត្បូងឃ្មុំ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញដល់ប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួត ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេស ក្នុងការបង្កើនការផលិតផលិតផលថ្នាំជក់កម្ពុជា ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ក្នុងឱកាសនៃទស្សនកិច្ចសិក្សា ស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដើម្បីជាវិភាគទាន ដល់ការជំរុញការអភិវឌ្ឍផលិតកម្មថ្នាំជក់កម្ពុជា លោកស្រី ចម និម្មល បានចូលរួមចែករំលែកនូវអនុសាសន៍គន្លឹះមួយចំនួន រួមមាន៖

១៖ ផលិតផលម៉ាកសមូហភាព ពិតជាផ្តល់នូវគុណតម្លៃខ្ពស់ទាំងក្នុងទិដ្ឋភាព សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងទេសចរណ៍សម្រាប់កម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការអភិវឌ្ឍន៍ ប្រព័ន្ធគ្រប់គ្រងម៉ាកសមូហភាព «ថ្នាំជក់កម្ពុជា» ឱ្យបានរឹងមាំ។

លោកស្រីបន្ដថា ការគ្រប់គ្រងនេះ ដែលត្រូវមានការចូលរួមមិនអាចខ្វះបាន ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាពិសេសកិច្ចគាំទ្ររបស់ក្រុមហ៊ុន JTI ក្នុងការពង្រឹងគុណភាព និងជំរុញការនាំចេញផលិតផលថ្នាំជក់កម្ពុជានេះ ទៅទីផ្សារអន្តរជាតិ និងទីផ្សារក្នុងប្រទេសជប៉ុន។

២៖ បងប្អូនប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់ ត្រូវរួមគ្នាផលិត និងអនុវត្តស្របតាមស្តង់ដារបច្ចេកទេសដែលបានកំណត់ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផលិតផលិតផលថ្នាំជក់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តជាតិ។

៣៖ ស្ថាប័នមានសមត្ថកិច្ចក្រោមចំណុះក្រសួងពាណិជ្ជកម្ម ជាពិសេស មន្ទីរពាណិជ្ជកម្មខេត្ត និងសាខាក.ប.ប. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តខិតខំជំរុញ ការប្រកួតប្រជែងស្មើភាព តាមរយៈការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាពដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។

ជាពិសេសការចូលរួមពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែប្រសើរ និងការពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។

៤៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងវិស័យឯកជន ត្រូវបន្តសហការគ្នារកវិធីសាស្ដ្រ ឱ្យកាន់តែមានប្រសិទ្ធភាពជាសម្លេងមួយ ជាយុទ្ធសាស្រ្តមួយ ជាផែនការសកម្មភាពមួយ សហការគ្នាជាធ្លុងមួយ បង្កើតជាកម្លាំងសរុប ដើម្បីយើងអាចធានាបានតម្លៃ ធានាគុណភាព ធានាបរិមាណបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ពង្រឹងនិងពង្រីកទៅផ្សារនាំចេញ៕