(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើយ៉ាងទទូចឱ្យក្រុមហ៊ុន Sinomach Hainan Development Co., Ltd របស់ចិន រួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាព សំដៅបង្កើតតម្លៃបន្ថែម ក្នុងស្រុកឱ្យកាន់តែច្រើន ពិសេស ការទទួលបានផលចំណេញ ពីវិស័យដែលកំពុងមានសក្តានុពលនេះ។

ការស្នើនេះធ្វើឡើង ក្នុងឱកាសលោកអគ្គលេខាធិការទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដើម្បីសិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ពិសេសនៅក្នុងឧស្សាហកម្មស្វាយចន្ទី។

លោកអគ្គលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបានគ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។

បន្ថែមលើនេះ លោកអគ្គលេខាធិការក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយដែលកម្ពុជា បច្ចុប្បន្នកំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃ ដោយប្រើបច្ចេកវិទ្យាទំនើប។

តំណាងគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ជា វុទ្ធី ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាមសំណើរបស់លោកអគ្គលេខាធិការ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យឧស្សាហកម្មស្វាយចន្ទីនេះ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕