(ភ្នំពេញ)៖ នៅរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់មានទំហំជាង ១៤.៤៤ពាន់លានដុល្លារ កើនឡើង ១៥.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ដែលមានទំហំជាង ១២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
យោងតាមទិន្នន័យដដែលនេះ កម្ពុជាបាននាំចេញទំនិញសំខាន់ៗប្រមាណជាង ៦.៨៧ពាន់លានដុល្លារ កើនឡើង៩.៨% ខណៈការនាំចូលទំនិញមកវិញមានតម្លៃជាង ៧.៥៧ ពាន់លានដុល្លារ កើនឡើង២១.៥%។
ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី បន្លែ ស្បែកជើង កៅស៊ូ និងគ្រឿងសង្ហារឹម រួមនឹងផលិតផលកសិកម្មកែច្នៃជាដើម។
ប្រទេសដៃគូរពាណិជ្ជកម្មចម្បងរបស់កម្ពុជារួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្មជាង ៤ពាន់លានដុល្លារ កើនឡើង២៦.៧%, អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម ២.៥ពាន់លានដុល្លារ កើនឡើង២២.៤%, វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ២.៣ពាន់លានដុល្លារ កើនឡើង ០.៧%, ថៃសម្រេចបានទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារ កើនឡើង ២.២% , ជប៉ុនសម្រេចបានទំហំពាណិជ្ជកម្ម ៦៥៦លានដុល្លារ កើនឡើង ២៩.៥%, កាណាដា សម្រេចបានទំហំពាណិជ្ជកម្ម ២៩៤លានដុល្លារ កើនឡើង១៥% រួមនឹងបណ្តាប្រទេសមួយចំនួនទៀត៕