(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញនៅកម្ពុជា មានជំនឿថា ការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក ពាក់ព័ន្ធ​នឹងការកំណត់អត្រាពន្ធជាថ្មី នឹងទទួលបានលទ្ធភាពល្អប្រសើរ ដែលភាគីទាំងពីរអាចនឹងមានការបន្ធូរបន្ថយ លើអត្រាពន្ធនាំចេញ-នាំចូល ក្នុងលក្ខខណ្ឌណាមួយ ដែលភាគីទាំងពីរចង់បាន ដើម្បីកុំឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ការលើកឡើងបែបនេះ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ​នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះរួមមានកម្ពុជាផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជានឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ មើលឃើញថា នេះ គឺជាការបន្ទន់ឥរិយាបថមួយ របស់សហរដ្ឋអាមេរិក ក្នុងការបើកការចរចាជាមួយកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹមអត្រា១០% ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីទុករយៈពេលចរចានេះ គឺជាឱកាសមួយសម្រាប់កម្ពុជា ក្នុងការចរចាបន្ថែមទៀត ដើម្បីឱ្យការដាក់បន្ទាត់ពន្ធនេះនៅដដែល គឺត្រឹមកម្រិត MFN ឬបន្ថែមតែ១០%។

លោកលើកឡើងថា ការចរចាទទួលបានលទ្ធផលល្អប្រសើរ គឺអាស្រ័យទៅលើវិធីសាស្រ្ត​ការចរចា របស់ក្រុមការងារ​ចរចា។

តែយ៉ាងនេះក្តី លោកសម្គាល់​ថា រាជរដ្ឋាភិបាលកម្ពុជា គឺជារាជរដ្ឋាភិបាលមួយ ដែលមានគោលនយោបាយចម្រុះ ដោយកម្ពុជាមិនមែនចាប់យកតែប្រទេសចិននោះទេ សហរដ្ឋអាមេរិក ក៏ជាដៃមួយរបស់កម្ពុជាដែរ។ ក្នុងន័យនេះ លោកសង្ឃឹមថា ភាពជាដៃគូយូរអង្វែងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក នឹងបន្តនិរន្តភាពទៅមុខទៀត នឹងអាចជួយសម្រួលដល់កិច្ចដោះដូរពាណិជ្ជកម្ម កម្ពុជា-អាមេរិក ឱ្យកាន់តែប្រសើរជាងមុន។

ក្រោយ​ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដំឡើងពន្ធលើទំនិញនាំចូលពីកម្ពុជាដល់៤៩% រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានធ្វើសកម្មភាពភ្លាមៗ ស្នើសុំចរចាជាមួយសហរដ្ឋអាមេរិក ​ដោយនៅពេលនេះ ភាគីសហរដ្ឋអាម៉េរិក បានឆ្លើយតបជាវិជ្ជមាន សំណើសុំបើកការចរចាស្វែងរកដំណោះស្រាយបញ្ហាពន្ធគយ។ បើតាមក្រសួងពាណិជ្ជកម្ម ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ ​បានបង្ហាញជំនឿលើការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ដែលនឹងធ្វើឱ្យការចរចា ទទួលបាន​លទ្ធផលល្អប្រសើរ។

លោកកត់សម្គាល់ថា គោលជំហររបស់សហរដ្ឋអាមេរិក នៅតែបន្តបើកទ្វារ​។​ ដូច្នេះ លោកជឿជាក់ថា ដំណើរការចរចារវាងកម្ពុជា និងសហរដ្ឋអាមេរិក ជុំវិញការកំណត់ពន្ធជាថ្មីនេះ នឹងមានការបន្ធូបន្ថយគ្នាទៅវិញទៅមក តាមលក្ខខណ្ឌណាមួយដែលភាគីទាំង​ពីរចង់បាន។

លោកបន្ថែមថា «យើងឃើញថា គាត់ចង់បានតុល្យភាពនៃការនាំចូលនាំចេញ ហើយជាពិសេសការបង់ពន្ធ ដូច្នេះយើងឃើញថា ជំហររបស់រាជរដ្ឋាភិបាលយើង​ បានដាក់ចុះបន្ទាត់ពន្ធគយច្រើនមុខជាង៨០មុខទំនិញ។ ដូចនេះហើយ​ យើងឃើញថា នេះជាការបន្ទន់ឥរិយាបថនៃការចរចា។ ដូច្នេះ ខ្ញុំជឿថា ដំណើរការនឹងល្អប្រសើរ ក្នុងការកំណត់ពន្ធ ដែលនឹងមិនធ្វើឱ្យមានការប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក និងពីអាមេរិកមកកាន់កម្ពុជា»។​

តាមរយៈលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ​ក្នុងការស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម ​កម្ពុជានឹងញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ក្នុងរយៈពេល៣ខែឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានជាង២.៥ពាន់លានដុល្លារ កើនឡើង២២.៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃជាង ២.៤ពាន់លានដុល្លារ ខណៈអាមេរិកនាំចូលមកកម្ពុជាវិញ មានតម្លៃ ៧៥លានដុល្លារអាមេរិក៕