(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា នាព្រឹកទី១១ ខែមេសា គ្រិស្តសករាជ ២០២៥ បានរៀបចំ «ពិធីចុះបញ្ជីលក់សញ្ញាបណ្ណបៃតងជាផ្លូវការ របស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក»។
ពិធីចុះបញ្ជីលក់មូលបត្រជាផ្លូវការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា, តំណាងក្រសួងស្ថាប័ន និងវិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប បានសំដែងការអបអរសាទរដល់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ឯ.ក ដែលសម្រេចជោគជ័យក្នុងការបោះផ្សាយ និង ចុះបញ្ជីលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងដំបូងគេបង្អស់នៅផ្សារមូលបត្រកម្ពុជា សម្រាប់វិនិយោគិនគុណវុឌ្ឍិ ក្នុងទំហំប្រមាណ ៥០ លានដុល្លារអាមេរិក ។
លោកបណិ្ឌតសភាចារ្យ បានបន្ថែមទៀតថា ការចុះបញ្ជីលក់មូលបត្របំណុលនាពេលនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងវិស័យមូលបត្រនៅកម្ពុជា សម្រាប់ដើមត្រីមាសទី២ ឆ្នាំ២០២៥ នេះ, បន្ថែមលើការចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការ របស់ធនាគារអេស៊ីលីដា ដែលបានកៀរគរមូលធនពីផ្សារមូលបត្រ ក្នុងទំហំ ១០០ លានដុល្លារអាមេរិក កាលពីចុងខែ កុម្ភៈ ឆ្នាំ ២០២៥ ។
លោក ស៊ូ សុជាតិ បានជម្រាបជូនអង្គពិធីថា ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធបៃតងរបស់ក្រុមហ៊ុន ស្នេថេក ដាយណាមិក ទទួលបានជំនួយបច្ចេកទេស លើការរៀបចំក្របខ័ណ្ឌសញ្ញាបណ្ណបៃតង និង ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយអ្នកផ្តល់ប្រឹក្សា ឬ ស្ថាប័នជំនាញ (Second Party Opinion) ពីស្ថាប័ន S&P Global Rating, តាមរយៈកម្មវិធី «ជំរុញការបោះផ្សាយលក់សញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA)» ដែលជាកិច្ចសហការរួមគ្នា រវាង និយ័តករមូលបត្រកម្ពុជា, UNESCAP, GGGI, CGIF និង GuarantCo ។
លោក ហុង សុហួរ បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជី ចំនួន ២៥ ដែលរួមមានក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន ចំនួន ១១ និង ក្រុមហ៊ុនចុះបញ្ជីសញ្ញាបណ្ណ ចំនួន ១៤ ដោយបានកៀរគរមូលធនពីផ្សារមូលបត្រ សរុបប្រមាណ ៥៥០ លានដុល្លារអាមេរិក ។
សូមជម្រាបជូនថា ក្រុមហ៊ុន ស្នេថេក ដាយណាមិក ដែលចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ នាថ្ងៃនេះ គឺជា ក្រុមហ៊ុនមានអាជីវកម្មចម្បងខាងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ទៅអគ្គិសនីកម្ពុជា តាមរយៈការរួមចំណែកបំពេញបន្ថែម ទាំងបរិមាណ និង ស្ថេរភាព នៃថាមពលអគ្គិសនីនៅកម្ពុជា ។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា រាជរដ្ឋាភិបាល នីតិកាលទី ៧, ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ចក្ខុវិស័យដ៏គត់មត់ គឺ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ ក្នុងន័យនេះ, កម្ពុជាបាន និង កំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ និង បានបន្តយកចិត្តទុកដាក់លើវិស័យមូលបត្រ តាមរយៈការជំរុញការធ្វើនវានុវត្តយន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ សំដៅគាំទ្រដល់ ការវិនិយោគ និង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ។ ថ្មីៗនេះ, រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យស្តីពី ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ដែលត្រូវបានដាក់ឱ្យអនុវត្ត និង មានសុពលភាព ២ ឆ្នាំ (ចាប់ពីខែ មីនា ឆ្នាំ ២០២៥ ដល់ ខែ មីនា ឆ្នាំ ២០២៧) ។
តាមរយៈកិច្ចខិតខំប្រឹងប្រែង និង ការគាំទ្រដ៏មោះមុតរបស់រាជរដ្ឋាភិបាល, វិស័យមូលបត្រកម្ពុជា បានទាក់ទាញ និង លើកទឹកចិត្ត ដល់បណ្តាក្រុមហ៊ុនសក្តានុពលកាន់តែច្រើនឡើង ឱ្យមកចុះបញ្ជីលក់ភាគហ៊ុន និង/ឬ សញ្ញាបណ្ណ ក្នុងផ្សារមូលបត្រកម្ពុជា ដែលញ៉ាំងឱ្យវិស័យនេះ មានការរីកលូតលាស់ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ក្នុងទិសដៅពន្លឿនការអភិវឌ្ឍនៃផ្សារមូលបត្រកម្ពុជា, បណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តសកម្មភាពផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹង អំពីវិស័យមូលបត្រនៅកម្ពុជា ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជន និង វិនិយោគិនសក្តានុពល, ជាពិសេស បង្កើនកិច្ចសហការជាមួយ ស្ថាប័នហិរញ្ញវត្ថុ, សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និង ជំរុញលើកទឹកចិត្តក្រុមហ៊ុនសក្តានុពល ចូលរួមចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ៕