(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមន៍កម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះ ស៊ីមកាតដែលប្រើប្រាស់ ដោយគ្មានអត្តសញ្ញាណត្រឹមត្រូវ ត្រូវបានលុបចេញជាបន្តបន្ទាប់ ដោយក្នុងមួយថ្ងៃក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តធំមួយនៅកម្ពុជា លុបអស់ប្រមាណ ៤ពាន់ស៊ីម។
លោកបានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំរួចហើយ គឺដាច់ខាតមិនឱ្យក្រុមហ៊ុន ឬភ្នាក់ងារលក់ស៊ីមកាត មានការចែកចាយ ឬលក់ស៊ីម ដោយមិនយកអត្តសញ្ញាណពីអ្នកប្រើប្រាស់ឡើយ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះក្រុមហ៊ុនមួយចំនួន កំពុងសម្អាតទិន្នន័យរបស់ខ្លួន។ បើតាមការរាយការណ៍របស់ ក្រុមហ៊ុនផ្តល់សេវាទូរសព្ទចល័តធំមួយ បានលុបចោលស៊ីម ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ ប្រមាណ៣០ម៉ឺនស៊ីម ដោយក្នុងមួយថ្ងៃលុបបានប្រមាណ ៤ពាន់ស៊ីម។ មុននឹងលុប ក្រុមហ៊ុនក៏បានជូនដំណឹងដល់អតិថិជន មកធ្វើបច្ចុប្បន្នភាពព័ត៌មានអត្តសញ្ញាណផងដែរ។
លោកបានឱ្យដឹងដែរថា និយ័តករទូរគមនាគន៍កម្ពុជា ក៏បានចូលរួមចំណែកក្នុងការលុបបំបាត់ ការប្រើប្រាស់ស៉ីមកាត ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ផងដែរ តាមរយៈការបង្កើតជាលេខកូតរួមមួយគឺ *1202# នៅពេលដែលអ្នកប្រើប្រាស់ វាយលេខកូតនេះ រួចចុចបញ្ជូន វានឹងបង្ហាញទិន្នន័យរបស់អ្នកប្រើប្រាស់មក បើទិន្នន័យមិនត្រឹមត្រូវទេ អ្នកប្រើប្រាស់អាចទៅក្រុមហ៊ុន ដើម្បីកែតម្រូវ។
លោក ស្រ៊ុន គឹមសាន លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់ស៊ីម កាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»៕
សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក ស្រ៊ុន គឹមសាន៖