(ភ្នំពេញ)៖ លោក ស្រ៊ុន គឹមសាន សមាជិកនិយ័តករទូរគមនាគន៍កម្ពុជា បានថ្លែងឲ្យដឹងថា និយ័តករទូរគមនាគន៍កម្ពុជា បានរកឃើញមានករណីជួលស៉ីមកាត ទៅបើកគណនីធនាគារ, បង្កើតគណនីបណ្តាញសង្គម, ផ្ញើសារ SMS ដើម្បីប្រព្រឹត្តបទល្មើស ហើយករណីនេះត្រូវបានចាត់វិធានការផងដែរ។

ការលើកឡើងរបស់លោក ស្រ៊ុន គឹមសាន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលុបបំបាត់ការប្រើប្រាស់សុីមកាត ដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ»។

លោក ស្រ៊ុន គឹមសាន បានថ្លែងឲ្យដឹងថា យើងបានរកឃើញភាពមិនប្រក្រតីមួយចំនួន ចំពោះការចុះបញ្ជីស៊ីមកាត មានអ្នកប្រើប្រាស់ និងភ្នាក់ងារអ្នកចែកចាយ បានជួលឲ្យអ្នកផ្សេងបើកកុងធនាគារ ឬបង្កើតគណនីបណ្តាញសង្គម, ផ្ញើ SMS ដើម្បីប្រព្រឹត្តបទល្មើស គឺយើងបានរកឃើញករណីនេះមួយចំនួន។

លោកបានបន្ដថា ដូចដែលយើងធ្លាប់បានឃើញថា មានករណីផ្ញើសារ (SMS) លើល្បែងអនឡាញជាដើម ដែលបានផ្ញើរមកកាន់ទូរស័ព្ទរបស់យើង តាមពិតទៅនេះមិនមែនជាការផ្ញើមកពីប្រតិបត្តិករទូរស័ព្ទនោះទេ ប៉ុន្ដែជាការផ្ញើមកតាមរយៈជនឆ្លៀតឱកាស ឬជនទុចរិកមួយចំនួន មានឧបករណ៍ ដើម្បីបន្លំ ក្នុងបំណងបោកបញ្ឆោត។

លោកបានបញ្ជាក់ថា កន្លងមកយើងធ្លាប់បានចាប់បានចំនួនមួយករណីនៅក្នុងក្រុងព្រះសីហនុ ហើយបានបញ្ជូនករណីនេះទៅតុលាការ ដើម្បីបន្ដនីតិវីធីតាមផ្លូវច្បាប់ហើយ បន្ថែមពីនេះ និយ័តករកំពុងដំណើរការ ក្នុងការបញ្ឈប់រាល់ដំណើរការនៃការផ្ញើសារនេះផងដែរ។

លោក ស្រ៊ុន គឹមសាន បានបន្ដថា រហូតមកដល់ពេលនេះនិយ័តករទូរគមនាគមន៍កម្ពុជា បានបិទខ្ទប់ប្រមាណជាង ២ម៉ឺនវេបសាយ មានវេបសាយល្បែងអនឡាញ វេបសាយអាសអាភាស ដែលបានផ្ញើសារ (SMS) នឹងត្រូវបានក្រុមការងារ ឬអគ្គស្នងនគរបាលជាតិ គណៈកម្មការល្បែងពាណិជ្ជកម្ម បានស្នើមកនិយ័តករទូរគមនាគន៍កម្ពុជា ដើម្បីបិទខ្ទប់៕

សូមស្តាប់ការលើកឡើងរបស់លោក លោក ស្រ៊ុន គឹមសាន៖