(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានជំរុញ និងលើកទឹកចិត្តឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងវិស័យផ្លូវការ តាមរយៈការចុះឈ្មោះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រកបអាជីវកម្ម និងធ្វើការងារ ក្នុងការទទួលបាននូវការការពារតាមផ្លូវច្បាប់ ការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្ដុះបណ្ដាលជំនាញជាដើម។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរួមគ្នារៀបចំកម្មវិធីសិក្ខាសាលា ស្តីពី «ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយមានការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ជាការពិតណាស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ ចយោងតាមទិន្នន័យរបស់ World Economic សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណថា មានចំណែកប្រមាណ ៤៩,១% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលបានផ្ដល់ការងារ ដល់ប្រជាជន ទ្រទ្រង់អាជីវកម្មខ្នាតតូច និងជួយរក្សានូវចរាចរសាច់ប្រាក់ក្នុងសេដ្ឋកិច្ច»

លោកស្រីបានបន្ថែមថា ទោះបីជាយ៉ាងនេះក្ដី អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានជួបបញ្ហាប្រឈមជាច្រើនរួមមាន កង្វះខាតក្នុងការទទួលបានសេវាហិរញ្ញវត្ថុ កង្វះខាតការគាំពារ និងការប្រឈមនឹងភាពងាយរងគ្រោះនានា ពិសេសនៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ ឬក្នុងពេលមានវិបត្តិជាដើម។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ដើម្បីលើកកម្ពស់ និងជំរុញសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យដំណើរការប្រកបដោយសក្ដានុពល រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ឱ្យដំណើរការយុទ្ធសាស្ត្រជាតិ ស្ដីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ ការជំរុញ និងលើកទឹកចិត្តឱ្យ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូល ក្នុងវិស័យផ្លូវការតាមរយៈការចុះឈ្មោះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រកបអាជីវកម្ម និងធ្វើការងារ ក្នុងការទទួលបាននូវការការពារតាមផ្លូវច្បាប់ ការទទួលបានហិរញ្ញប្បទាន និងការប្រើប្រាស់នូវសេវាហិរញ្ញវត្ថុផ្លូវការ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការបណ្ដុះបណ្ដាលជំនាញជាដើម»

លោកស្រីបានបន្ដថា ស្របតាមយុទ្ធសាស្ត្រជាតិខាងលើនេះ ធនាគារជាតិនៃកម្ពុជា បានអនុវត្តវិធានការមួយចំនួន សំដៅលើកកម្ពស់សមត្ថភាព និងគាំទ្រដល់អ្នកដែលបានឈានចូលក្នុងប្រព័ន្ធ ក្នុងការទទួលបានហិរញ្ញប្បទាន ព្រមទាំងបានលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពឱ្យកាន់តែកាន់តែទូលំទូលាយ ដល់សហគ្រាសធុនមីក្រូតូច និងមធ្យម ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ ក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងចៀសវាងការប្រើប្រាស់មិនចំគោលដៅ ដែលបង្កើតជាហានិភ័យបំណុលលើសលុប។

លោក ហែម វណ្ណឌី បានថ្លែងឲ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការគាំទ្រផ្នែកហិរញ្ញប្បទាន តាមរយៈកម្ចីផ្លូវការពីធនាគារ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពពលរដ្ឋគ្រប់រូប ដើម្បីភាពរីក ចំរើននៃសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

លោកបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រឹងសមត្ថភាព ភាពធន់ និងការប្រកួតប្រជែងលើទីផ្សារ ជាពិសេសចំពោះសុខុមាលភាព ភាពធន់នឹងវិបត្តិ និងយន្តការគាំទ្រដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការជំរុញលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាកិច្ចការអាទិភាព និងចាំបាច់ដើម្បីជំរុញការចូលរួមបន្ថែម ក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការបង្កើតតម្លៃបន្ថែម ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមគ្នានឹងការចូលរួមដោយផ្ទាល់ក្នុងការកាត់បន្ថយអត្រាភាពក្រីក្រ និងវិសមភាពសង្គម។

លោកបានបញ្ជាក់ថា «ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសហគ្រិនភាពដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រជា តិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលផ្តោតទៅលើចំណេះដឹង និងសមត្ថភាពក្នុងការប្រើប្រាស់ និងរបៀបគ្រប់គ្រងសាច់ប្រាក់ ដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការគិតគូរពង្រីកមុខរបរ អាជីវកម្ម ដោយមានមូលដ្ឋានចំណេះដឹងទាំងនេះឱ្យបានច្បាស់លាស់។ គោលដៅចម្បងរបស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺការអប់រំឱ្យមនុស្សចេះគ្រប់គ្រងថវិការបស់ខ្លួន និងយល់ពីសារៈសំខាន់អំពីការសន្សំ និងការវិនិយោគដើម្បីទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុ និងជីវភាពធូរធារនាពេលអនាគត»

លោកបានបន្ថែមថា ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងចែក រំលែកចំណេះដឹងអំពីការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យមាន ប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃការចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ ប្រមាណបាន និងភាពរីកចំរើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា៕