(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានពិនិត្យ និងសម្រេចផ្តល់អត្ថប្រយោជន៍ ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ដល់សហគ្រាសចំនួន៩៥ រយៈពេល៣ខែ ដើមឆ្នាំ២០២៥។
កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) បានដើរតួនាទីដ៏សំខាន់ ក្នុងការផ្តល់ ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេស តាមរយៈការផ្តល់វិធានការច្បាស់លាស់ ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគី នៃកិច្ចព្រមព្រៀង បន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទ ពន្ធមួយចំនួន និងអត្ថប្រយោជន៍ផ្ទាល់ ដល់សហគ្រាសពីប្រទេស ដែលមានកិច្ចព្រមព្រៀង DTA ជាមួយកម្ពុជា។
ក្នុងខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យនិង សម្រេចផ្តល់អត្ថប្រយោជន៍ ក្រោមកិច្ចព្រមព្រៀង DTA ដល់សហគ្រាសដែលបានស្នើសុំចំនួន ៥៥ សហគ្រាស និងសរុបរយៈពេល៣ខែ ដើមឆ្នាំ២០២៥ មានចំនួន៩៥សហគ្រាស។ គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា ជាមួយរដ្ឋបាលសារពើពន្ធចំនួន១១ ក្នុងនោះមានរដ្ឋបាលសារពើពន្ធ ថៃ សិង្ហបុរី ព្រុយណេ ចិន វៀតណាម តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។
កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាចំនួន២ បានចុះហត្ថលេខារួចរាល់ ដោយកំពុងបន្តរៀបចំនីតិវិធី ក្នុងការដាក់កិច្ចព្រមព្រៀងចូលជាធរមាន រួមមាន DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន។ បន្ថែមពីលើនេះ DTA កម្ពុជា-មីយ៉ាន់ម៉ា ត្រូវបានបញ្ចប់កិច្ចចរចាកម្រិតបច្ចេកទេស និងរដ្ឋបាលសារពើពន្ធចំនួន ៦ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលនៃការចរចា រួមមាន អេមីរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក បារាំង កាតា និង អាស៊ែបៃហ្សង់៕