(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំនួន១៨គម្រោង ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៣៦១លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ៨,៥០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន១គម្រោង (កែច្នៃជ័រកៅស៊ូ), វិស័យឧស្សាហកម្ម ចំនួន១៦គម្រោង (ផលិតគ្រឿងបន្លាស់រថយន្ត, ផលិតគ្រឿងសង្ហារិម, ផលិតនិ ងផ្គុំដំឡើងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ, ផលិតបរិក្ខារអគ្គិសនីបំភ្លឺ, អំពូលលម្អ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផ្គុំដំទ្បើងអំពូលអិលអ៊ីឌី និងពិល, ផលិតដើមណូអែល និងសម្ភារៈប្រើប្រាស់ពីលោហធាតុ, ផលិតសម្ភារៈជាង និងសម្ភារៈផ្ទះបាយគ្រប់ប្រភេទ, ផលិតសម្ភារៈប្រើប្រាស់សម្រាប់សត្វចិញ្ចឹមគ្រប់ប្រភេទ, ចាក់សម្លៀកបំពាក់, បោកគក់, ជ្រលក់ពណ៌, និងផលិតស្រោមជើង) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់)។

គម្រោងវិនិយោគទាំង១៨ ដែលអង្គប្រជុំបានធ្វើការពិនិត្យពិភាក្សាខាងលើ បានបោះទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ស្ពឺ, តាកែវ, ស្វាយរៀង, មណ្ឌលគិរី, និងខេត្តរតនគិរី៕