(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ តាមរយៈព្រឹត្តិបត្រព័ត៌មានរបស់ខ្លួនបានពន្យល់អំពីនីតិវិធី និងរយៈពេលនៃការតវ៉ា ក្នុងករណីអ្នកជាប់ពន្ធ ឬអ្នកជំនួញនានា មិនយល់ព្រម ចំពោះការសម្រេចនានា របស់រដ្ឋបាលសារពើពន្ធ។
បើតាមអគ្គនាយកដ្ឋានពន្ធដារ យោងតាមមាត្រា២៣៦ និងមាត្រា២៣៨ នៃច្បាប់ស្តីពីសារពើពន្ធ អ្នកជាប់ពន្ធដែលមិនយល់ព្រមនឹងការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ច របស់រដ្ឋបាលសារពើពន្ធ អាចធ្វើការតវ៉ាទៅអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃនៃថ្ងៃធ្វើការ ក្រោយថ្ងៃដែលអ្នកជាប់ពន្ធ បានទទួលលិខិតជូនដំណឹង ទារបំណុលពន្ធ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមានសមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។
អ្នកតវ៉ាត្រូវភ្ជាប់មកជាមួយពាក្យបណ្ដឹងតវ៉ា នូវឯកសារសំខាន់ៗមួយចំនួនរួមមាន៖
១. លិខិតជូនដំណឹង ស្តីពីការកំណត់ពន្ធឡើងវិញ ការផាកពិន័យជាប្រាក់ ឬសេចក្តីសម្រេចផ្សេងទៀត ដែលធ្វើឡើងដោយអង្គភាពមាន សមត្ថកិច្ចរបស់រដ្ឋបាលសារពើពន្ធ។
២. ឯកសារដែលបញ្ជាក់ពីការទូទាត់ប្រាក់ពន្ធ។
៣. ភ័ស្តុតាងផ្សេងទៀតពាក់ព័ន្ធអង្គហេតុ ឬសំអាងហេតុនៃបណ្ដឹងតវ៉ារបស់អ្នកតវ៉ា ជាអាទិ៍ទិន្នានុប្បវត្តិ វិក្កយបត្រ កិច្ចសន្យា លិខិតយុត្តិការ ឬឯកសារផ្សេងៗ។
ក្នុងករណីអ្នកជាប់ពន្ធ នៅតែមិនយល់ព្រមលើសេចក្តីសម្រេចជាថ្មី របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អ្នកជាប់ពន្ធអាចដាក់ពាក្យតវ៉ាទៅ គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ ដែលមានទីតាំងនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប)ថ្ងៃ ក្រោយពីថ្ងៃដែលបានទទួលសេចក្តីសម្រេច។
អ្នកជាប់ពន្ធមានសិទ្ធិប្តឹងទៅតុលាការ មានសមត្ថកិច្ចជំទាស់នឹងសេចក្តីសម្រេចរបស់ គណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធក្នុងរយៈពេលយ៉ាងយឺតបំផុត ៣០ (សាមសិប) ថ្ងៃ ក្រោយពីបានទទួលដំណឹង ស្តីពីសេចក្តីសម្រេចនោះ៕