(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវប្រកាសថ្មីមួយរបស់ខ្លួន ដើម្បីពង្រឹងយន្តការត្រួតពិនិត្យការប្រើប្រាស់វត្ថុធាតុដើម និងសមាសភាគតម្លៃក្នុងស្រុក ដើម្បីធានាបាននូវតម្លាភាព និងអនុលោមភាពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីវិធានដើមកំណើតទំនិញ និងវិធានដើមកំណើតទំនិញរបស់សហរដ្ឋអាម៉េរិក។
យោងតាមប្រកាស ស្តីពី នីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួន ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការពង្រឹងយន្តការត្រួតពិនិត្យនេះ គឺបង្ការនិងទប់ស្កាត់ការក្លែងបន្លំ ដើមកំណើតទំនិញ។
ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះផលិតករ និង/ឬអ្នកនាំចេញ ដែលធ្វើការនាំចេញទំនិញមួយចំនួនដែលមាន ដើមកំណើតនៅកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដូចមានក្នុងឧបសម្ព័ន្ធ១ នៃប្រកាសនេះ។
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មុនការស្នើសុំលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ ផលិតករ និង/ឬអ្នកនាំចេញ ត្រូវស្នើសុំចុះឈ្មោះប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈគេហទំព័រ https://co.moc.gov.kh/ ។
ការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញលើកដំបូងសម្រាប់មុខទំនិញ ជាកម្មវត្ថុនៃការចុះត្រួតពិនិត្យអនុលោមភាពដើមកំណើតទំនិញដល់អាជីវកម្មដ្ឋាន ឬទីតាំងផលិត ដោយមន្ត្រីមានសមត្ថកិច្ចនៃក្រសួងពាណិជ្ជកម្ម៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសខាងក្រោម៖