(សៀមរាប)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.» បានថ្លែងឲ្យដឹងថា កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈដែលជាកេរដំណែលរបស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប ព្រមទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលពិតជាចាំបាច់ក្នុងការជំរុញការលើកទឹកចិត្ត និងការពារ។
ការលើកឡើងរបស់លោកស្រី ចម និម្មល ធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញចូលរួក្នុងកម្មវិធី បើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ ក្រោមមូលបទ កម្មសិទ្ធិបញ្ញា និងតូរ្យតន្ត្រីការយល់អំពីចង្វាក់នៃកម្មសិទ្ធិបញ្ញា (IP and music: Feel the beat of IP) និងពិធីសម្ពោធគម្រោងកម្មសិទ្ធិបញ្ញា ព្រមទាំងពិធីតាំងពិព័រណ៍ផលិតផល ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព និងស្នាដៃសិល្បៈ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
ក្នុងនោះក៏មានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Igor DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, លោក Derek YIP ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា, លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក Ken-Ichiro Natusme អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោក Xaysomphet Norasingh ប្រធានក្រុមការងារអាស៊ានស្តីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។
លោកស្រី ចម និម្មល បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមក្នុងពិធីបើកទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៥ រៀបចំជារៀងរាល់ឆ្នាំ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងសាធារណៈ លើវិស័យកម្មសិទ្ធិបញ្ញាជាសកល ជាពិសេសចូលរួមផ្តល់តម្លៃ និងសារៈសំខាន់ដល់ស្នាដៃ និងរបកគំហើញនានា ដែលរកឃើញនិងបង្កើតឡើងដោយតក្កករ អ្នកនិពន្ធ សិល្បៈករ អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ។ល។
លោកស្រីរដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្ត និងការបន្តខិតខំប្រឹងប្រែងផ្តល់កិច្ចការពារ និងលើកកម្ពស់នូវតម្លៃនៃស្នាដៃទាំងអស់ដែលកើតចេញពី ភាពប៉ិនប្រសប់ ការច្នៃប្រឌិត និងគំនិតប្រាជ្ញារបស់សិល្បករ សិល្បការិនី អ្នកនិពន្ធ ម្ចាស់ស្នាដៃ ម្ចាស់ផលិតកម្ម និងម្ចាស់អង្គភាពនានា ពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាផងដែរ។
លោកស្រីបានបញ្ជាក់ថា «កម្មសិទ្ធិបញ្ញាបានដើរតួយ៉ាងសំខាន់ ក្នុងការការពារ ថែរក្សា អភិវឌ្ឍ លើកស្ទួយ និងផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ ប្រពៃណី សិល្បៈគ្រប់ទម្រង់ ជាពិសេសស្នាដៃសិល្បៈដែលជាកេរដំណែលរបស់ដូនតា-បុព្វបុរសខ្មែរ និងស្នាដៃថ្មីៗក្នុងសម័យទំនើប ព្រមទាំងកិច្ចការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដែលពិតជាចាំបាច់ក្នុងការជំរុញការលើកទឹកចិត្ត និងការពារ»។
លោកស្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបាននិងកំពុងពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាឱ្យកាន់តែល្អប្រសើរ តាមរយៈយន្តការគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដោយបានដាក់ចេញនូវផែនការសកម្មភាពនានា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៣-២០២៨ ដែលបន្តចាត់ទុកកិច្ចការពារកម្មសិទ្ធិបញ្ញាជាយន្តការយ៉ាងសំខាន់ ក្នុងការជំរុញការបង្កើតថ្មី ការច្នៃប្រឌិតថ្មី និងនវានុវត្តន៍ ការបន្តពង្រឹងភាពប្រកួតប្រជែង ការចែករំលែកបច្ចេកវិទ្យា ព្រមទាំងការទប់ស្កាត់ ការក្លែងបន្លំ ឬការរំលោភបំពានកម្មសិទ្ធិបញ្ញា ស្របតាមច្បាប់ជាតិ និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជាជាភាគីសមាជិក។
លោកស្រីបញ្ជាក់ថា បន្ថែមពីនេះកម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី មានជាអាទិ៍ អង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងក្របខ័ណ្ឌអាស៊ាន ដើម្បីចូលរួមចំណែកអភិវឌ្ឍ ជំរុញ និងអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា។
ជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ កម្ពុជានឹងធ្វើជាប្រធាននិងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារអាស៊ានស្តីពី កិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា (AWGIPC) សម្រាប់អណត្តិ២ឆ្នាំ និងការរៀបចំកិច្ចប្រជុំតំបន់សម្រាប់លើកទី៨ នៃក្រុមការងារសម្របសម្រួលការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផ្សេងទៀតផងដែរ៕