(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។
ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣.៤ពាន់លានដុល្លារអាម៉េរិក។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕