(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនបានលើកឡើងថា នៅពេលខាងមុខ បើសិនជាកម្ពុជាមានលទ្ធភាពតភ្ជាប់ការដឹកជញ្ជូនទំនិញតាមរថភ្លើងល្បឿនលឿនជាមួយប្រទេសឡាវ នឹងផ្តល់ផលចំណេញ ចំពោះការដឹកជញ្ជូនទំនិញ និងសម្រាប់វិនិយោគិន ព្រោះការដឹកជញ្ជូនតាមផ្លូវដែកដឹកបានច្រើន ដឹកបានលឿន និងមានតម្លៃសមរម្យ ដែលនឹងផ្តល់ភាពងាយស្រួលច្រើនដល់វិនិយោគិន។
ក្នុងដំណើរទេស្សនកិច្ចផ្លូវការរបស់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅប្រទេសឡាវ កាលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ភាគី កម្ពុជា-ឡាវ បានជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់រថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការតភ្ជាប់ ការដឹកជញ្ជូនពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ទៅប្រទេសចិន តាមរយៈរថភ្លើងល្បឿនលឿន គឺជាការវិវត្តដ៏ល្អនៃវិស័យដឹកជញ្ជូនរបស់កម្ពុជា ជាពិសេសលំហូរទំនិញកសិកម្មរបស់កម្ពុជា នាំចេញទៅកាន់ប្រទេសចិនលឿនជាងមុន ពោលគឺការដឹកជញ្ជូនតាមរយៈផ្លូវគោក ប្រើរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ខណៈតាមផ្លូវទឹកត្រូវប្រើរយៈពេលប្រមាណជាង ១០ថ្ងៃ។
លោកបន្ថែមថា «សង្ឃឹមថា បើសិនជាមានតំណភ្ជាប់ផ្លូវដែកបានមួយទៀត ក៏រឹតតែប្រសើរសម្រាប់វិស័យដឹកជញ្ជូនទំនិញ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជានៅពេលអនាគតផងដែរ។ កន្លងមកយើងបានសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងការដឹកជញ្ជូនផ្លូវគោក គឺមានរយៈពេល ៥ថ្ងៃទៅ៦ថ្ងៃ ហើយបើដឹកតាមផ្លូវទឹកអាចមានរយៈពេល ១០ថ្ងៃឬច្រើនជាងនេះ ហើយបើដឹកពីគួនមីងមក អាចឈានទៅដល់កន្លះខែ»។
លោកលើកឡើងថា ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរនេះ ក៏រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងឡាវ ឱ្យប្រសើរជាងមុន។ ជាមួយគ្នា លោកសង្កេតឃើញថា នៅប៉ែកខាងខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក៏មានការវិនិយោគច្រើនទៅដំណាំកសិកម្ម ដូចជាចេក ផងដែរ។
បើតាមលោក ជា ចាន់ដារ៉ា កាលពីមុនឆ្នាំ ក៏ធ្លាប់មានការសាកល្បីដឹកជញ្ជូនទំនិញ និងអ្នកដំណើរពីទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន មកកម្ពុជា តាមផ្លូវគោកឆ្លងកាត់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ ក្នុងចម្ងាយ ២ ៥០០គីឡូម៉ែត្រ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស បានលើកឡើងថា ដើម្បីជំរុញការនាំចេញកសិផលពីកម្ពុជាទៅទីផ្សារចិន ក្រុមហ៊ុន វិរៈប៊ុនថាំ បានពង្រីកសេវាកម្ម ការដឹកជញ្ជូនទំនិញ ជាពិសេសកសិផលខ្មែរទៅទីផ្សារចិន។ ដោយឆ្លងកាត់ប្រទេសឡាវ ។
លោកប្រាប់បន្ថែនថា ការដឹកជញ្ជូនទៅកាន់ប្រទេសចិននេះ គឺធ្វើឡើងតាមរយៈរថយន្តកុងតឺន័រ ដោយការដឹកជញ្ជូននេះប្រើរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ដោយក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនពាក់កណ្តាលរដ្ឋ និងឯកជនរបស់ចិន ដើម្បីដឹកជញ្ជូនផ្លែឈើ និងកសិផលនានា របស់កម្ពុជាទៅកាន់ប្រទេសចិន ខណៈរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវកូតា GMS ដែលអាចប្រើប្រាស់រថយន្តដឹកជញ្ជូនរបស់កម្ពុជា ទៅដល់ប្រទេសចិនតែម្តង៕