(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា មានជាង២ម៉ឺនជើង កើនឡើងជាង១៧% ខណៈអ្នកដំណើរចេញ-ចូលមានជាង ២.៥លាននាក់ កើនឡើងជាង១៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ឲ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ (រយៈពេល៤ខែ) ស្ថានភាពវិស័យដឹកជញ្ជូន តាមផ្លូវអាកាសសម្រាប់ អាកាសយានដ្ឋានអន្តរជាតិទាំង (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) មាន៖
* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២២,៦៨៦ជើង) មានការកើនឡើងជាង១៧% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២.៥លាននាក់ (២,៥២៥,២០៨នាក់) មានការកើនឡើងជាង១៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនតោន (២២,៣៥០តោន) មានការកើនឡើង៨% បើធៀបទៅនឹងរយៈពេល៤ខែ ដូចគ្នាទៅនឹងឆ្នាំ២០២៤។
ដោយឡែក បើធៀបរយៈពេល១ខែ ក្នុងឆ្នាំ២០២៥ រវាងខែមេសា ឆ្នាំ២០២៥ និងខែមេសា ឆ្នាំ២០២៤ (ខែមេសា ឆ្នាំ២០២៥ ធៀបទៅនឹងខែមេសា ឆ្នាំ២០២៤) អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបាន៖
* ជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង៥ពាន់ជើង (៥,២៥២ជើង) មានការកើនឡើងជិត១២% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤
* អ្នកដំណើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជិត៦០ម៉ឺននាក់ (៥៦៤,៥៧៣នាក់) មានការកើនឡើងជាង១៥% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤
* ទំនិញតាមផ្លូវអាកាស (ទ្វេទិស) មានចំនួនជាង៥ពាន់តោន (៥,២០២តោន) មានការកើនឡើងជិត៣% បើធៀបខែមេសា ឆ្នាំ២០២៥ ទៅនឹងខែមេសា ឆ្នាំ២០២៤
ទន្ទឹមគ្នានេះ លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា គិតត្រឺមខែមេសា ឆ្នាំ២០២៥នេះ ជើងហោះហើរអន្តរជាតិ ទៅកាន់១២ប្រទេស ទៅកាន់គោលដៅរាជធានី/ទីក្រុង សរុបចំនួន៣៤ នៅក្នុងតំបន់ និងសកលលោក។
ប្រទេសចំនួន៦ ក្នុងចំណោមប្រទេស១២ប្រទេស ដែលមានចំនួនជើងហោះហើរ និងចំនួនអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលកម្ពុជាច្រើនជាងគេនោះគឺ ទី១.ថៃ, ទី២.ចិន, ទី៣.វៀតណាម, ទី៤.សឹង្ហបុរី, ទី៥.ម៉ាឡេស៊ី និងទី៦.កូរ៉េ៕