(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Emirates បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការតភ្ជាប់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក និងបានចាត់ទុកកម្ពុជា ជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញ និងពាណិជ្ជកម្ម ។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា តាមរយៈការហោះហើរប្រចាំថ្ងៃយ៉ាងទៀងទាត់ ភ្ជាប់ពីរាជធានីភ្នំពញ ទៅកាន់ទីក្រុងឌូបៃ កាលពីខែឧសភា មកដល់ចុងឆ្នាំ២០២៤ ក្រុមហ៊ុនបានដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅកាន់ពិភពលោកចំនួនជាង ២០ ០០០នាក់ និងទំនិញរាប់ពាន់តោន។

ចាកចេញពីរាជធានីភ្នំពេញ យន្តហោះដ៏ទំនើប Boeing 777-300ER ត្រូវចុះចតនៅអាកាសយានដ្ឋាន របស់ប្រទេសសិង្ហបុរី មុនពេលហោះហើរបន្តដំណើរទៅកាន់អាកាសយានដ្ឋានឌូបៃ ដែលជាមជ្ឈមណ្ឌល ធ្វើដំណើរដ៏មមាញឹកបំផុតរបស់ពិភពលោក។ អ្នកដំណើរកម្ពុជាអាចចំណាយពេលកាន់តែតិចដោយធ្វើដំណើរ តាមបណ្តាញជើងហោះហើរដ៏ធំរបស់ Emirates តាមរយៈប្រទេសសិង្ហបុរី ដើម្បីធ្វើដំណើរទៅកាន់តំបន់ពេញនិយម នៅទូទាំងទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកខាងជើង និងអាហ្វ្រិក។ ធ្វើដំណើរជាមួយ Emirates អ្នកដំណើរប្រាដកជាទទួលបានបទពិសោធន៍ថ្មី អាហារដ៏មានឱជារស ការកម្សាន្តដ៏សំបូរបែប សេវាដ៏ល្អឥតខ្ជោះ និងរួសរាយរាក់ទាក់។
បន្ថែមពីការតភ្ជាប់រវាងរាជធានីភ្នំពេញទៅកាន់ទីក្រុងឌូបៃ នៅខែមិថុនាខាងមុខដ៏ខ្លីនេះ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកនេះ នឹងពង្រីកបណ្តាញហោះហើររបស់ខ្លួនពីទីក្រុងឯកត្តទកម្មពិភលោក ឌូបៃ កាន់ទីក្រុងវប្បធម៌ទេសចរណ៍ សៀមរាប តាមរយៈទីកុ្រងបាងកក។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឱ្យដឹងថា ក្រុមហ៊ុនបានចាត់ទុកខេត្តសៀមរាប ជាកន្លែងកម្សាន្តដ៏មានសក្តានុពល និងទាក់ទាញមួយក្នុងតំបន់ ផ្តល់ឱកាសឱ្យ Emirates តភ្ជាប់បណ្តាញអាជីវកម្ម និងការកម្សាន្តមកកាន់ទីក្រុងសក្តានុពលនេះ។ វប្បធម៌ និងទំនៀមទម្លាប់ដ៏សម្បូរបែបរបស់កម្ពុជា គឺទទួលបានការទាក់ទាញជាសាកល ដែលនាំឱ្យវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា មានការកើនឡើង ទាក់ទាញអ្នកធ្វើដំណើរជាមួយនឹងប្រាសាទបុរាណ និងទេសភាពប្លែកៗរបស់កម្ពុជា។

តាមរយៈប្រតិបត្តិការហោះហើរមកកាន់ខេត្តសៀមរាប ក្រុមហ៊ុន Emirates បង្ហាញក្តីរំពឹងថានឹងនាំភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនពីបណ្តាញសកលរបស់យើង បើកឱកាសកាន់តែច្រើនសម្រាប់ពាណិជ្ជកម្ម ផ្តល់ការផ្សារភ្ជាប់កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា ទៅកាន់ទីក្រុងឌូបៃ និងកន្លែងផ្សេងទៀត។

ក្រុមហ៊ុន Emirates បានបញ្ជាក់ទៀតថា «ជាមួយនឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (CEPA) ដែលបានត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE) ជើងហោះហើរយន្ដហោះ Boeing 777 របស់យើងទៅកាន់ភ្នំពេញ (PNH) និង សៀមរាប (SAI) យន្ដហោះរបស់យើងអាចផ្ទុកទម្ងន់រាប់តោន ទាំងចូល និងចេញពីប្រទេសកម្ពុជារៀងរាល់សប្តាហ៍។ វាអនុញ្ញាតឱ្យយើងមិនត្រឹមតែអាចគាំទ្រដល់អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យសហគ្រាសកម្ពុជា មានលទ្ធភាពចូលទៅកាន់ទីផ្សារទូទាំងពិភពលោកផងដែរ»

ជាមួយគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងវិស័យឯកជនរបស់កម្ពុជា បានចាត់ទុកក្រុមហ៊ុនអាកាសចរណ៍ Emirates ជាដៃគូដ៏សំខាន់ក្នុងការបង្កើនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៉ីវិល (SSCA) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ក្រុមហ៊ុនអាកាសចរណ៍ Emirates បានធ្វើសកម្មភាពផ្សព្វផ្សាយសម្បត្តិវប្បធម៌ សិល្បៈ និងធនធានធម្មជាតិរបស់កម្ពុជាជាអន្តរជាតិ។ ការភ្ជាប់ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មិនត្រឹមតែបង្កើនការឆ្លើយតបពីភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបានបង្កើនទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ការវិនិយោគអន្តរជាតិ និងទំនាក់ទំនងធុរជន និងធុរជន ប្រជាជន និងប្រជាជនទៀតផង»

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា «ខ្ញុំសូមកោតសសើរ និងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ក្នុងការមើលឃើញសក្ដានុពលនៃទីផ្សារទេសចរណ៍នៅកម្ពុជា និងការសម្រេចចិត្តតភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជា។ ការមកដល់ និងការពង្រីកបណ្តាញហោះហើររបស់ Emirates ជាកម្លាំងចរករដ៏សំខាន់ ក្នុងការស្ដារនិងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ទាំងបច្ចុប្បន្ន និងអនាគត យើងមានសុដ្ឋទិនិយមថា វត្តមានរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងនាំមកនៅផលវិជ្ជមានជាច្រើន សម្រាប់សេដ្ឋកិច្ច និងកេរ្ដិ៍ឈ្មោះរបស់កម្ពុជា ទៅលើឆាកអន្ដរជាតិ»

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates មានបណ្តាញហោះហើរជាង ១៤០គោលដៅ នៅក្នុង ៨០ប្រទេស និងតំបន់ ហើយក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនរកប្រាក់ចំណូលបានប្រមាណ ៣៣ពាន់លានដុល្លារអាមេរិក និងដឹកអ្នកដំណើរប្រមាណ ៥២លាននាក់៕