(ភ្នំពេញ)៖ លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង) នឹងបិទដំណើរការប្រតិបត្តិការទាំងស្រុង នៅម៉ោង០០:០០ យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ដោយសារប្រតិបត្តិការទាំងអស់ នឹងត្រូវរើទាំងស្រុងទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ​។

លោក ស៊ីន ចាន់សេរីវត្ថា បានឱ្យដឹងថា ជើងហោះហើរចុងក្រោយគេបង្អស់ជាប្រវត្តិសាស្ត្រ មុននឹងបិទដំណើរការព្រលានយន្តហោះពោធិ៍ចិនតុងគឺជា ជើងហោះហើរ Korean Air។

បើគ្មានអ្វីប្រែប្រួលនោះទេ​ អាកាសយានដ្ឋានអន្ដរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នឹងបើកដំណើរការប្រតិបត្តិការ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ខណៈបច្ចុប្បន្នគម្រោងវឌ្ឍនភាពនៃការសាងសង់ស្ទើររួចរាល់ទាំងស្រុង ប៉ុន្តែយ៉ាងណានេះត្រូវអាស្រ័យទៅលើលទ្ធផលនៃការពិនិត្យវាយតម្លៃ និងសាវនកម្មលើកទី២ ដែលនឹងប្រព្រឹត្តទៅ​នៅចុងខែឧសភាឬ ដើមខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

​សូមជម្រាបថា អាកាសយានដ្ឋានអន្ដរជាតិតេជោ មានលម្ហធំទូលាយលើ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចអនុញ្ញាតឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕