(ភ្នំពេញ)៖ លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កន្លងមកមានក្រុមហ៊ុនដែលមិនបានចុះបញ្ជីនៅកម្ពុជា បាននាំចូលទំនិញទៅប្រទេសទី៣ ដោយបន្លំថាជាទំនិញផលិតនៅកម្ពុជា ដើម្បីទទួលបានការអនុគ្រោះពន្ធ ឬទទួលបានអត្ថប្រយោជន៍ផ្សេងៗ។

តែយ៉ាងណាមិញ លោកមិនបានបញ្ជាក់ថា ក្រុមហ៊ុននោះមកពីប្រទេសណានោះទេ។ ទោះបីជាយ៉ាងនេះក៏ដោយ កម្ពុជាបានសហការជាមួយ​អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនាំចូល ដើម្បីស៊ើបអង្កេត និងចាត់វិធានការទៅលើករណីនេះផងដែរ។

លោកបានឱ្យដឹងថា បន្ទាប់ពីមានការស៊ើបអង្កេតបានរកឃើញថា ​ក្រុមហ៊ុន​នោះបានបន្លំ​វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ថាជាទំនិញនាំចេញពីកម្ពុជា ខណៈក្រុមហ៊ុនមិនបានចុះបញ្ជីផ្លូវការណាមួយនៅកម្ពុជាឡើយ។

លោកបានលើកឡើងថា ករណីបន្លំដើមកំណើតទំនិញនេះ មិនមែនមានតែកម្ពុជានោះទេ កន្លងមកប្រទេសមួយចំនួន រួមទាំងកម្ពុជា បានចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះការក្លែងបន្លំដើមកំណើតទំនិញនេះផងដែរ។ ជាមួយគ្នានេះ កម្ពុជាក៏ធ្វើការពិនិត្យទៅលើអនុលោមភាព នៃដើមកំណើតទំនិញរបស់ខ្លួន ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ​​ គឺជាឧបករណ៍មួយសម្រាប់បង្ហាញ ទៅប្រទេសនាំចូលទាំងអស់ថា ទំនិញកម្ពុជាមានអនុលោមភាព​ដើមកំណើតទំនិញ ទៅតាមច្បាប់របស់ប្រទេសនាំចូល​។ ​

ការលើកឡើងរបស់ លោក ហូ ស៊ីវយ៉ុង ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «យន្តការត្រួតពិនិត្យ និងគ្រប់គ្រងកុំឱ្យមានការលួចបន្លំដើមកំណើតទំនិញ»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ហូ ស៊ីវយ៉ុង៖