(ភ្នំពេញ)៖ លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ គឺជាឧបករណ៍ដ៏សំខាន់ ក្នុងការបង្ហាញទៅកាន់ពិភពលោកថា ទំនិញកម្ពុជាមានអនុលោមភាព និងគ្មានការលួចបន្លំដើមកំណើត ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំផងដែរ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ ទៅលើការបន្លំដើមកំណើត។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហូ ស៊ីវយ៉ុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការត្រួតពិនិត្យ និងគ្រប់គ្រងកុំឱ្យមានការលួចបន្លំដើមកំណើតទំនិញ» ក្នុងកម្មវិធី FRESH BUSINESS។
លោក ហូ ស៊ីវយ៉ុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ថា យើងមានច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ត្រូវបានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ហើយច្បាប់ក៏ជាឧបករណ៍មួយដ៏សំខាន់ ដើម្បីបង្ហាញពិភពលោក ហើយបង្ហាញដៃគូថា យើងមានច្បាប់វិធានដើមកំណើតទំនិញ ដើម្បីក្នុងការកំណត់ និងវាយតម្លៃ ក្នុងការអនុលោមភាពរបស់ទំនិញ ដែលបានផលិតនៅកម្ពុជា»។
លោក ហូ ស៊ីវយ៉ុង បានឲ្យដឹងថា ដើម្បីទទួលបានអនុលោមភាពទំនិញនៅកម្ពុជា ទីមួយ៖ ត្រូវតែជារូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីស្របច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនោះទៀត ត្រូវតែមានរោងចក្រ, មានដំណើរការផលិត និងមានការប្រើប្រាស់កម្លាំងពលកម្មនៅកម្ពុជា។
លើសពីនោះទៀត លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត គឺបានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ ទៅលើការបន្លំដើមកំណើត ក្នុងគោលបំណង ដើម្បីជៀសវាងការយកទំនិញ ពីប្រទេសទី៣ គ្រាន់តែយកពាក់ស្លាកកម្ពុជា ហើយនាំទៅប្រទេសនាំចូលផ្សេងទៀត ក្នុងគោលបំណងទទួលប្រយោជន៍ ការលើកលែងពន្ធ ឬអត្រាពន្ធទាប៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ហូ ស៊ីវយ៉ុង៖