(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការឆបោក ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា (ABC) បានរៀបចំ «ទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥» ក្រោមប្រធានបទ «ការទប់ស្កាត់ និងការការពារ» នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍ដែលរៀបចំធ្វើឡើងពេញមួយថ្ងៃ មានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ២០០នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញប្រមាណ ១០០ក់ ក្នុងនោះរួមមានទាំង ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋាភិបាលធនាគារិក ជំនាញការផ្នែកព័ត៌មានវិទ្យា ផ្នែកសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យ និងប្រធានផ្នែកប្រតិបត្តិតាម មកពីគ្រឹះស្ថានធនាគារជាសមាជិក រួមជាមួយនឹងតំណាងមកស្ថាប័នដៃគូសំខាន់ៗ និងថ្នាក់ដឹកនាំមកពីវិស័យឯកជនផ្សេងទៀត។ គំនិចផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ និងលើកកម្ពស់ឧត្ដមានុវត្តន៍សម្រាប់សុវត្ថិភាពឌីជីថល។
លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា «ទិវាសុវត្ថិភាពឌីជីថលលែងជា មុខងារបច្ចេកទេសតែមួយផ្នែកទៀតហើយ វាជាអាទិភាពសម្រាប់គណៈគ្រប់គ្រងស្ថាប័ន និងគ្រឹះស្ថាន ឬក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន ឬស្ថាប័នហិរញ្ញវត្ថុទាំងមូល។ វាក៏មិនមែនជាការទទួលខុសត្រូវរបស់ផ្នែកព័ត៌មានវិទ្យា (IT) ប៉ុណ្ណោះដែរ តែអ្នកគ្រប់គ្នានៅក្នុងវិស័យហិរញ្ញវត្ថុជាអ្នកមានតួនាទីក្នុងការទប់ស្កាត់ និងការពារចំពោះបញ្ហានេះ»។
លោកប្រធានសមាគមធនាគារនៅកម្ពុជា បានន្ថែមថា រាល់ការចុចលើប្រតិបត្តិការ និងការផ្ទេរទិន្នន័យពិតជាមានសារៈសំខាន់ក្នុងការត្រួតពិនិត្យឱ្យបានម៉ត់ចត់ ព្រោះវាអាចប្រឈមនូវការគំរាមកំហែងរាល់វិនាទី។ ការគំរាមកំហែងមានពិតប្រាកដ និងវិវត្តជាប្រចាំ។
លោក រ័ត្ន សោភ័ណ បន្តថា៖ «ជាមួយនឹងការបោកប្រាស់តាមប្រព័ន្ធឌីជីថល មានដូចជា ការបោកប្រាស់តាមរយៈការផ្ញើសារ ឬអ៊ីមែល (phishing) ការវាយប្រហារដោយមេរោគកុំព្យូទ័រ (Ransomware) និងវិធីសាស្រ្តនៃការបោកប្រាស់កាន់តែមានលក្ខណៈស្មុគស្មាញ ដូច្នេះកម្មវិធីនេះមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ និងការពារហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងកសាងទំនុកចិត្តពីសំណាក់អតិថិជន»។
កម្ពុជាក៏ដូចទៅនឹងបណ្តាប្រទេសផ្សេងទៀតដែរ ពោលគឺ មិនអាចគេចផុតពីបញ្ហាប្រឈមទាក់ទងទៅនឹងបញ្ហាសាយប័រនេះបានឡើយ។ គិតត្រឹមប៉ុន្មានឆ្នាំចុងក្រោយនេះ ការឆបោកតាមប្រព័ន្ធអនឡាញ និងការវាយប្រហារ តាមរយៈការផ្ញើសារ ឬអ៊ីមែល (phishing) ដែលមានលក្ខណៈស្មុគស្មាញបានកើតឡើងជាច្រើនករណី។ បទល្មើសទាំងនេះ ជារឿយៗតែងធ្វើឡើងតាមរយៈអ៊ីមែល សារ SMS និងកម្មវិធីផ្ញើសារផ្សេងៗដើម្បីចូលលួចយកព័ត៌មានសម្ងាត់។ ការគំរាមកំហែងដែលគួរឱ្យព្រួយបារម្ភគឺ ជនល្មើសមួយចំនួនបានប្រើឧបករណ៍ (fake BTS) ដើម្បីផ្សព្វផ្សាយសារដែលមានមេរោគតាមរយៈតំណភ្ជាប់ (link) ហើយនៅពេលដែលអ្នកប្រើប្រាស់ចុចចូលទៅកាន់
គេហទំព័រក្លែងបន្លំ ឬដំឡើងកម្មវិធីដែលមានហានិភ័យ។ កត្តាទាំងនេះហើយ តម្រូវការចាំបាច់ក្នុងការលើកកម្ពស់លើការយល់ដឹងអំពីសុវត្ថិភាពឌីជីថល និងវិធានការការពារដ៏សុវត្ថិភាព។
ថ្លែងសុន្ទរកថាបើកទិវាសុវត្ថិភាពឌីជីថលឆ្នាំ២០២៥ លោក ឡុង វីបុណ្យឫទ្ធ អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា បានថ្លែងកោតសរសើរចំពោះសមាគមធនាគារនៅកម្ពុជា ដែលបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង ព្រោះជាវេទិកាដ៏សំខាន់សម្រាប់ជំរុញកិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុ អាជ្ញាធរ និង
និយ័តករ ដើម្បីទប់ស្កាត់បទល្មើសតាមប្រព័ន្ធអ៊ីនធើណិត លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ពង្រឹងលើទំនុកចិត្តពីសាធារណជន និងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ។
លោកឡុង វីបុណ្យឫទ្ធ បន្តថា៖ «សម្រាប់ធនាគារជាតិនៃកម្ពុជា ការងារស្នូលរបស់ខ្លួនគឺ ការថែរក្សាគុណតម្លៃ និងស្ថិរភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុដែលមានបរិយាបន្ន ពិពិធកម្ម និងសុវត្ថិភាព។ យើងទទួលស្គាល់អំពីតួនាទីសំខាន់ដ៏សំខាន់នៃសុវត្ថិភាពឌីជីថល ក្នុងការថែរក្សាទំនុកចិត្តលើសេវាហិរញ្ញវត្ថុឌីជីថល»។
លោកបានបន្ថែមថា៖ «ធនាគារជាតិនៃកម្ពុជា ក៏សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ដូចជា និយ័តករ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់សេវាបច្ចេកវិទ្យា និងអតិថិជន មេត្តាចូលរួមជំរុញការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ជំរុញនវានុវត្តន៍ និងសហការរួមគ្នា ដើម្បីទប់ស្កាត់ និងការពារសុវត្ថិភាពឌីជីថលនាអនាគតរបស់កម្ពុជា»។
គួរបញ្ជាក់ថា ទិវាសុវត្ថិភាពឌីជីថលនេះ មានកិច្ចពិភាក្សាសំខាន់ៗចំនួនបី ដែលផ្តោតសំខាន់លើការអភិវឌ្ឍគោលនយោបាយសុវត្ថិភាពឌីជីថល ការទប់ស្កាត់ការបោកប្រាស់ និងការធានាសុវត្ថិភាពលើប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ស្ថាប័នសំខាន់ៗ ដូចជា៖ធនាគារជាតិនៃកម្ពុជា (NBC) នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ក្រុមហ៊ុន Mastercard និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) បានចែករំលែកការយល់ដឹង និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដែលកំពុងមានការកើនឡើង។
លោកស្រី Wong Winnie នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Mastercard ប្រចាំប្រទេសវៀតណាម ឡាវ និងកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Mastercard ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរដ្ឋ និងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីចែករំលែកព័ត៌មានអំពីហានិភ័យដំណោះស្រាយដ៏ប្រសិទ្ធភាពលើសុវត្ថិភាពសាយប័រ និងអភិវឌ្ឍគោលនយោបាយគាំទ្រ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ភាពធន់នៃសាយប័រថ្នាក់ជាតិ។ នៅក្នុងប្រទេសកម្ពុជា កិច្ចសហការជាមួយនិយ័តករ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាគន្លឹះក្នុងការពង្រឹងវិធានសុវត្ថិភាពឌីជីថល រាប់ចាប់ពីការធានាលើសុវត្ថិភាពអត្តសញ្ញាណឌីជីថល រហូតដល់ការកសាងប្រព័ន្ធទូទាត់ប្រាក់ដែលមានភាពធន់។ សុវត្ថិភាពឌីជីថល មិនមែនជាការព្រួយបារម្ភអំពីប្រព័ន្ធព័ត៌មានវិទ្យាទៀតនោះទេ វាបានក្លាយជាយុទ្ធសាស្ត្រអាទិភាព ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន ដើម្បីឆ្លើយតបនឹងហានិភ័យដែលកំពុងមានការកើនឡើង»។
សូមជម្រាបជូនដែរថា សម្រាប់វគ្គពេលរសៀលនៃទិវាសុវត្ថិភាពឌីជីថល បានជជែក និងពិភាក្សាស៊ីជម្រៅទៅលើនវានុវត្តន៍នៃបច្ចេកវិទ្យាក្របខ័ណ្ឌច្បាប់និងយន្តការក្នុងការប្រឆាំងទៅនឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិត។ ទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥ មិនត្រឹមតែជំរុញឱ្យមានការសន្ទនារវាងភាគីពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏មានគោលបំណងបង្កើនចំណេះដឹងផ្នែកឌីជីថលសម្រាប់អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងលើកកម្ពស់វប្បធម៌នៃការការពារតាមប្រព័ន្ធអ៊ីនធើណិតប្រកបដោយបុរេសកម្ម។
ព្រឹត្តិការណ៍ដ៏សំខាន់នេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវសម្រេចបានសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងការការពារអ្នកប្រើប្រាស់ ក្នុងបរិបទនៃការកើនឡើងនូវការតភ្ចាប់វិស័យហិរញ្ញវត្ថុនៅលើសាកលលោក។
សមាគមធនាគារនៅកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះដៃគូយុទ្ធសាស្ត្ររបស់យើង Mastercard និង Smart សម្រាប់ការគាំទ្រឥតងាករេរក្នុងការធ្វើឱ្យទិវាសុវត្ថិភាពឌីជីថលឆ្នាំ ២០២៥ ទទួលបានជោគជ័យយ៉ាងខ្លាំង។
សមាគមធនាគារនៅកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ Diamond Sponsors ដូចជា ធនាគារ អេស៊ីលីដា ធនាគារ ជីបម៉ុង និង Visa និង Gold Sponsor ធនាគារ ABA របស់យើងសម្រាប់ការចូលរួម។ យើងក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ Silver Sponsor របស់យើងគឺ ធនាគារ ខេប៊ីប្រាសាក់ ធនាគារកាណាឌីយ៉ា ធនាគារស្ថាបនា និងវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានជួយគាំទ្រ និងធ្វើឱ្យទិវាសុវត្ថិភាពឌីជីថលទទួលបានជោគជ័យ៕