(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ឲ្យមានការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនគ្រប់គ្រង ហេដ្ឋារចនាសម្ព័ន្ធទាំងសាធារណៈ និងឯកជន អាចកៀរគរទុនពីការបោះផ្សាយយកទៅអភិវឌ្ឍន៍ គម្រោងហេដ្ឋារចនាសម្ព័ន្ធនានារបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធឯកជន និងសាធារណៈ ឲ្យកានតែមានភាពរីកចម្រើនបន្ថែមទៀត។

សូមជម្រាបថា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ ដើម្បីលើកឡើងពីសេចក្តីព្រាង ប្រកាស ស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ និងសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលត្រូវបានប្រើប្រាស់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ របស់និយ័តករមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នេះជាការអនុម័តថ្មីមួយទៀត របស់ អ.ស.ក នូវការអនុម័តការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ចំពោះការអនុម័តនេះជាការបង្កើតនូវឧបករណ៍ថ្មី ក្នុងការគៀងគរហិរញ្ញប្បទាន សម្រាប់ការសាងសងទាំងសាធារណៈ និងឯកជន។

លោកបានបន្ដថា ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏អាចយកមកពិនិត្រពិចារណា គៀងគរមូលនិធិបានដែរ ដែលមានន័យថា ក្រុមហ៊ុនថ្មីសឡាមួយក៏អាចគៀងគរហិរញ្ញប្បទាន តាមរយៈការបោះផ្សាយសញ្ញាបណ្ណនេះ ដើម្បីប្រមូលសាច់ប្រាក់ក្នុងការវិនិយោគ។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងឲ្យដឹងថា «នេះជាបទបញ្ញាតិមួយថ្មីដែលអនុញ្ញាតឲ្យ សហគ្រាសាធារណៈ ឬសហគ្រាស​ឯកជន អាចកៀរគរបោះផ្សាយសញ្ញាបណ្ណ ដើម្បីកៀរគរទុនក្នុងទំហំធំ ដើម្បីប្រើប្រាស់ក្នុងរយៈពេលយូរ ដើម្បីយកទៅវិនិយោគក្នុងវិស័យពាក់ព័ន្ធណាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលមានដូចជាផ្លូវ, កំពង់ផែ, គម្រោងហេដ្ឋារចនាសម្ព័ន្ធដទៃផ្សេងទៀត»។

លោកបានបន្ដថា កន្លងមកយើងក៏ធ្លាប់បានទទួល គម្រោងហេដ្ឋារចនាសម្ព័ន្ធតូចមួយ គឺគម្រោងសូឡា ដែលបានធ្វើរោងចក្រអគ្គិសនី ដែលបានបោះផ្សាយសញ្ញាបណ្ណយកទៅប្រើប្រាស់។ ដូច្នេះបន្ទាប់ពីការដាក់ឲ្យមានការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធនេះ នឹងសង្ឃឹមថាមានក្រុមហ៊ុនទាំងវ​ិស័យរដ្ឋ និងឯកជនមកធ្វើការបោះផ្សាយ។

លោកបានបញ្ជាក់ថា «យើងរំពឹងថាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នឹងកាន់តែរីកចម្រើន បន្ទាប់ពីមានការវិនិយោគ ដោយវិស័យឯកជន ហើយរដ្ឋនឹងមានឱកាសវិនិយោគធំៗ ក្នុងរយៈពេលវែង។ កម្ពុជាពិតជាត្រូវការការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធច្រើន ដោយរដ្ឋាភិបាល និងវិស័យឯកជន»។

សូមជម្រាបថា ពេលនេះនៅទីផ្សារមូលបត្រ មានផលិតផលតែពីរមុខប៉ុណ្ណោះ គឺការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និងមូលបត្របំណុល (សញ្ញាបណ្ណ) ខណៈការបោះលក់មូលបត្ររដ្ឋ ត្រូវបានធ្វើឡើងតាមរយៈយន្តការធនាគារជាតិនៃកម្ពុជា។ តែនៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ឱ្យ មានការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធថែមទៀត។