(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ក្នុងទំហំ ៧៨.៨១លានដុល្លារអាមេរិក ឬស្មើនឹង ៥៩.១១ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២ ០០០ លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌពហុភាគី ១០០%។ នេះបើយោងតាមព្រឹត្តិបត្របំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមរយៈរបាយការណ៍នេះបានឱ្យដឹងថា បើធៀបនឹងត្រីមាស ទី១ ឆ្នាំ២០២៤ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានការថយចុះប្រមាណ ៤៤%។
ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៥០%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។
ដោយឡែកការបោះផ្សាយលក់មូលបត្ររដ្ឋ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ មានទំហំសរុបមានចំនួន១១៤ ប៊ីលាន រៀល ត្រូវនឹងប្រមាណ ២៨.៥០លានដុល្លារអាម៉េរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈសំដៅ លើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងដែរថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រមព្រៀងកន្លងមក សរុបមានចំនួន ១៧៥.០៧លានដុល្លារអាម៉េរិកក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥៣% និងក្របខ័ណ្ឌ ពហុភាគីមានប្រមាណ ៤៧%។ សាច់ប្រាក់ទាំងនេះត្រូវបានប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៦% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ១៤%។ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ការដក សាច់ប្រាក់ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានការកើនឡើងប្រមាណ ២២%។
សូមជម្រាបជម្រាបថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាមានបំណុលសាធារណៈសរុបចំនួន ១២.១៨ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ ៩៩% ត្រូវនឹង១២.០៦ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស និង១% ត្រូវនឹង ១១៨.៣៣%ជាបំណុលក្នុងប្រទេស។
ការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជា នៅតែគ្មានហានិភ័យ ដោយរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ នូវគោលការណ៍គន្លឹះចំនួន ៥ រួមមាន៖ ១. ខ្ចីឥណទាន ក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២. ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌ អនុគ្រោះខ្ពស់, ៣. ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម, ៤. ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត, និង ៥. ប្រើប្រាស់ ឥណទានសម្រាប់ហិរញ្ញប្បទាន គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលមានស្តង់ដារ និងគុណភាពខ្ពស់ ស្របតាម គោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕