(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន បានប្រាប់ដល់ផលិតករ និងអ្នកនាំចេញអំពីការទទួលបាន ភាពអនុគ្រោះពន្ធសូន្យភាគរយ (០%) នូវមុខទំនិញដែលមានដើមកំណើតនៅប្រទេសកម្ពុជាចំនួន ២៨បន្ទាត់ពន្ធគយ ពីប្រទេសវៀតណាម សម្រាប់អនុវត្តឆ្នាំ២០២៥-២០២៦។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែមិថុនានេះ។
តាមរយៈភាពអនុគ្រោះពន្ធនេះ ក្រសួងពាណិជ្ជកម្មប្រាប់ដល់ផលិតករ និងអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទម្រង់ អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh ចំពោះមុខទំនិញ ចំនួន២៨បន្ទាត់ពន្ធគយនេះ ដើម្បីនាំចេញទៅកាន់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអត្រាអនុគ្រោះពន្ធសូន្យភាគរយ (០%)។
ដោយឡែក សម្រាប់បរិមាណមុខទំនិញអង្ករ និងសន្លឹកថ្នាំជក់ សម្រាប់អនុវត្តឆ្នាំ២០២៥ សូមផលិតករ និងអ្នកនាំចេញ មកដាក់ពាក្យស្នើសុំនៅ ក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ នាំចូល នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការចាប់ពី ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥៕