(ភ្នំពេញ)៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង២៥ពាន់លានដុល្លារ កើនឡើង១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលសម្រេចបានជាង២១ពាន់លានដុល្លារ ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមទិន្នន័យរបស់គយ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាមួយបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗសម្រេចបាន ២៥.២៩ពាន់លានដុល្លារកើនឡើង ១៨.៥%។ ក្នុងរយៈពេល៥ខែនេះ កម្ពុជានាំចេញទំនិញក្នុងទំហំទឹកប្រាក់ ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញក្នុងទំហំទឹកប្រាក់ ១៣.៤៨ពាន់លានដុល្លារ កើនឡើង ១៩.៧%។
ដៃគូនាំចេញ-នាំចូលសំខាន់ៗរបស់កម្ពុជា រួមមាន ចិនដែលសម្រេចបានទំហំពាណិជ្ជកម្ម ៧.៦ពាន់លានដុល្លារ កើនឡើង២៧.៥% , សហរដ្ឋអាមេរិក សម្រេចបាន ៤.៤ពាន់លានដុល្លារ កើនឡើង ២៧% , វៀតណាម សម្រេចបាន ៣.៨ពាន់លានដុល្លារ កើនឡើង ៨%, ថៃ សម្រេចបាន ១.៨ពាន់លានដុល្លារ កើនឡើង៨.៣% និងជប៉ុន សម្រេចបាន ជាង១ពាន់លានដុល្លារ កើនឡើង២៨% រួមនឹងដៃគូពាណិជ្ជកម្មសំខានៗ មួយចំនួនទៀត។
ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន សម្លៀកបំពាក់ ស្បែកជើង កៅស៊ូ ផលិតផលកសិកម្ម គ្រឿងបង្គុំអគ្គិសនី និងផលិតផលមួយចំនួនទៀត៕