(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានទំហំទឹកប្រាក់១.៨ពាន់លានដុល្លារ កើនឡើង៨.៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដែលមានទំហំ១.៧ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជានាំចេញទំនិញទៅប្រទេសថៃក្នុងទំហំទឹកប្រាក់ ៣៩៥ លានដុល្លារ កើនឡើង១.១% ខណៈថៃនាំចេញ ចូលមកកម្ពុជាវិញមានតម្លៃ ១.៤ពាន់លានដុល្លារ កើនឡើង​១០.៤%។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញ Fresh News នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា កន្លងមក​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ គឺមានភាពល្អប្រសើរ និងមានការកើនឡើងជារៀងរាល់ឆ្នាំ។ បើទោះបីជាកម្ពុជានាំចេញទៅថៃតិចជាង ថៃនាំចូលមកកម្ពុជាក្តី ប៉ុន្តែថៃក៏ជាទីផ្សារសំខាន់មួយរបស់កម្ពុជា ដែលបានស្រូបយកទំនិញមិនទាន់កែច្នៃ និងពាក់កណ្តាលកែច្នៃ ជាពិសេសទំនិញដែលផលិត ដោយកសិករនៅតាមព្រំដែន។

អ្នកឧកញ៉ា លឹម ហេង បានកត់សម្គាល់ថា បើទោះបីជា កើតមានព្រឹត្តិការណ៍នៃការប្រឈមមុខដាក់គ្នារឿងព្រំដែនក៏ដោយ ប៉ុន្តែមិនទាន់មានផលប៉ះពាល់ធំដុំ ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឡើយ គឺមានការប៉ះពាល់តិចតួច​។ យ៉ាងនេះក្តី លោកមិនចង់ឃើញបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ប៉ះពាល់ដល់ការនាំចេញនាំចូលទំនិញនោះទេ ព្រោះវានឹងបណ្តាលភាគីទាំងពីរខាតបង់រៀងខ្លួន ជាពិសេសកសិករនៅតាមព្រំដែន ព្រោះទំនិញដែលកម្ពុជានាំចេញទៅថៃភាគច្រើន គឺផលិតផលកសិកម្ម ដែលជាប្រភេទវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច។

​សូមជម្រាបផងដែថា កាលពីឆ្នាំ២០២៤ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មប្រមាណជាង ៤.២ពាន់លានដុល្លារ កើនឡើង១៥.៥% ក្នុងនោះកម្ពុជានាំចេញទៅថៃ ប្រមាណ ៨៤៤លានដុល្លារ ខណៈនាំចូលកម្ពុជា មានទំហំប្រមាណ ៣.៤ពាន់លានដុល្លារ៕