(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥នេះ បានសហការរៀបចំសិក្ខាសាលា ស្តីពី «ការអនុវត្តគោលការណ៍លើកទឹកចិត្ត ក្រោមវិសាលភាពកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» ដែលមានអ្នកចូលរួមជា វិនិយោគិន ធុរជនបរទេស និងខ្មែរ ដែលជាម្ចាស់គម្រោងទទួលបានការលើកទឹកចិត្ត និងម្ចាស់គម្រោងដែលកំពុងស្នើការលើកទឹកចិត្ត រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ៣២០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្រោមអធិបតីភាពរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, ប្រធានក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

សិក្ខាសាលានេះ មានគោលបំណងពិនិត្យមើលវឌ្ឍនភាព របស់ម្ចាស់គម្រោងដែលទទួលការលើកទឹកចិត្តផ្នែកពន្ធ និងការសម្រួលនីតិវិធី, ស្តាប់បញ្ហាប្រឈម និង ស្វែងរកដំណោះស្រាយជូនវិនិយោគិន ដើម្បីធានាបានថា ម្ចាស់គម្រោង/វិនិយោគិន អាចអនុវត្តគម្រោងរបស់ខ្លួនបានដោយរលូន និងឆាប់រហ័ស។

ថ្លែងនាឱកាសនោះ, បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» គឺជាគំនិតផ្ដួចផ្ដើមដ៏ប្រពៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា កម្មវិធីពិសេសនេះ មិនត្រឹមតែផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធដារ និង ពន្ធគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការសម្របសម្រួលគ្រប់ជ្រុងជ្រោយ តាមរយៈការសម្រួលនីតិវិធី និងផ្តល់ការគំាទ្រដោយផ្ទាល់ តាមយៈក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល ដែលមានតំណាងពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ។

លោកបណ្ឌិតសភាចារ្យបានបន្ថែមថា ភាពជោគជ័យនៃកម្មវិធីនេះ នឹងក្លាយជាគំរូដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍខេត្តផ្សេងទៀត ។ ជាមួយនេះ, លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យវិនិយោគិន និងអ្នកចូលរួមទាំងអស់ ចូលរួមលើកមតិយោបល់ និង អំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាធ្វើការរាយការណ៍ជាប្រចាំ មកក្រុមការងារជំរុញការវិនិយោគ ដើម្បីក្រុមការងារមានព័ត៌មាន និង ធាតុចូលគ្រប់គ្រាន់ដើម្បីកំណត់បញ្ហា និង ដោះស្រាយជូន។

លើសពីនេះ, ក្រុមការងារនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការផ្តល់សេវាប្រឹក្សាយោបល់, ការពន្យល់ច្បាស់ៗ, ការពិនិត្យ និង សម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ, ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងការថែទាំវិនិយោគ ដោយឥតគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និង ទំនុកចិត្ត តាមយន្តការ «ច្រកចេញចូលតែមួយ» ដែលមានក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់នូវការសម្របសម្រួលកិច្ចសហការ និងការគាំទ្រផ្សេងៗ។

នៅក្នុងខែមិថុនានេះ, ក្រុមការងារនឹងគ្រោងកិច្ចប្រជុំលើកទី១៧ ដើម្បីពិនិត្យ និងអនុម័តលើគម្រោងចំនួន ៣៥បន្ថែមទៀត។ សម្រាប់រយៈពេល ៥ខែដើមឆ្នាំ ២០២៥ មានគម្រោងសរុបចំនួន ៨៦ ដែលមានទំហំទុនគ្រោងវិនិយោគសរុប ៩៩៧.៥ លានដុល្លារអាមេរិកទទួលបានការលើកទឹកចិត្តធៀបនឹង ៥ខែដើមឆ្នាំ ២០២៤ ក្នុងរយៈពេលដូចគ្នា ដែលមានតែ ៤១គម្រោង ប៉ុណ្ណោះដែលទទួលការលើកទឹកចិត្ត ដែលនេះជាសញ្ញាបង្ហាញថា វិនិយោគិនកាន់តែមានទំនុកចិត្តលើក្រុមការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ផ្អែកតាមនេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រួមទាំងក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក៏នឹងត្រូវបន្តខិតខំប្រឹងប្រែងថែមទៀត, ទ្វេដង និងជាបន្តបន្ទាប់ឥតដាច់ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច សំដៅទាក់ទាញ និងជំរុញការវិនិយោគថែមទៀត មកក្នុងខេត្តព្រះសីហនុ តាមរយៈ «ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី» និង ការដោះស្រាយបញ្ហាជាកញ្ចប់ក្នុងអភិក្រម ««ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»» ដើម្បីបង្កើតបានជាសហថាមពលដ៏រឹងមាំ រវាងរដ្ឋ និង វិស័យឯកជន ដែលជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជា៕