(ភ្នំពេញ)៖ លោក ជ័យ សំរេច នាយកនាយកដ្ឋានគ្រប់គ្រងហានិភ័យនៃធនាគារ ជីប ម៉ុង ​បានថ្លែងឲ្យដឹងថា កំណត់ត្រាប្រវត្តិឥណទាន (CBC) សំខាន់ណាស់ ដែលធ្វើឱ្យអតិថិជនងាយស្រួល ឬមិនងាយស្រួលក្នុងការទទួលបានឥណទានលើកក្រោយ។

លោក ជ័យ សំរេច ពន្យល់យ៉ាងដូច្នេះថា «ជាការពិតសម្រាប់ធនាគារ ជីប ម៉ុង នៅពេលផ្ដល់កម្ចីដល់អតិថិជន យើងត្រូវធ្វើរឿងសំខាន់ៗមួយចំនួនដូចជា លំហូរសាច់ប្រាក់របស់អតិថិជន, ប្រវត្តិកម្ចីរបស់អតិថិជនជាដើម»

ការលើកឡើងរបស់លោក ជ័យ សំរេច ធ្វើឡើងក្នុងកម្មវិធី ក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការកាត់បន្ថយហានិភ័យលើការប្រើប្រាស់ប្រាក់កម្ចី»

លោកបានបញ្ជាក់ថា សម្រាប់អតិថិជនដែលខូច CBC ចំពោះការផ្ដល់កម្ចីរបស់ធនាគារ ជីប ម៉ុង ដល់អតិថិជនដែលខូច CBC យើងត្រូវសិក្សាស្វែងយល់ជាមួយអតិថិជនសិន ក៏ព្រោះថា អតិថិជនខ្លះមិនមែនមិនបង់សងត្រឡប់នោះទេ ប៉ុន្ដែដោយមានបញ្ហាណាមួយ ធ្វើឲ្យផុងខ្លួនជាប់គាំង ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការសងត្រឡប់ ដូច្នេះដើម្បីបង់សងត្រឡប់ដល់ធនាគារវិញ។ យើងអាចផ្ដល់ជូនកម្ចី ដោយបូកជាមួយការបណ្ដុះវិន័យ និងផ្ដល់អនុសាសន៍មួយចំនួនដល់អតិថិជន ដើម្បីជៀសវាងការជួបបញ្ហាដូចលើកមុនទៀត។

លោកបន្ថែមថា ចំពោះកម្ចីដែលផ្ដល់ជូនអតិថិជនដែលខូច CBC នេះយើងនឹងធ្វើការផ្ដល់ជូនតាមតម្រូវការ ដែលអតិថិជនត្រូវការ ដូច្នេះធនាគារនឹងធ្វើការបត់បែងតាមបែបផ្សេងជាមួយអតិថិជន មែនទែនទៅប្រវត្តិ CBC នេះគ្រាន់តែជាព័ត៌មានមួយ ដល់គ្រឹះស្ថានហិរញ្ញវត្ថុថា គួរផ្ដល់កម្ចី ឬមិនផ្ដល់កម្ចីប៉ុណ្ណោះ ប៉ុន្ដែយើងនៅតែមានដំណោះស្រាយផ្សេងពីនេះច្រើនទៀត៕

សូមស្តាប់ការលើកឡើងរបស់ លោក ជ័យ សម្រេច៖