(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នៅថ្ងៃទី១៤ ខែមិថុនានេះ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម លើកទឹកចិត្តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមពិនិត្យលទ្ធិភាព សម្រាលបន្ទុកហិរញ្ញវត្ថុដល់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ «ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន» ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការអំពាវនាវនេះ បានបង្ហាញឱ្យឃើញពីជម្រៅទឹកចិត្ត និងកាយវិការដ៏ល្អប្រពៃក្នុងភាពជាអ្នកដឹកនាំគំរូ របស់សម្តេចដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ផ្តល់ភាពកក់ក្ដៅ និងគិតគូរអំពីជីវភាពរស់នៅ របស់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីក្នុងគ្រប់កាលៈទេសៈ។
គ្រឹះស្ថានសមាជិកនៃសមាគមទាំងពីរនឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករ តាមរយៈការរៀបចំឥណទានឡើងវិញ ដែលជាយន្តការរបស់សមាគម បាននិងបន្តអនុវត្ត ក្នុងករណីមានតម្រូវការជាក់ស្ដែងក្នុងរៀបចំឥណទានឡើងវិញ ក៏ដូចជាសំណើ សុំផ្ដល់ការគាំទ្រផ្សេងៗ សមាគមស្នើសុំបងប្អូនប្រជាពលករទាំងអស់ដែលជាអតិថិជន ទាក់ទងផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណ បណ្ណ ឯកសារឥណទាន បណ្ណ/សៀវភៅការងារ និងលិខិតពាក់ព័ន្ធនានា ដើម្បីពិភាក្សារិះរកដំណោះ ស្រាយដ៏សមរម្យ។

សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្ដែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល៕