(ភ្នំពេញ)៖ លោក​​ ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានប្រាប់បណ្ដាញព័ត៌មាន Fresh Newsថា ទោះបីមានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្មសូមបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន។

គួរជម្រាបថា បន្ទាប់ពីទុកឱសានវាទរយៈពេល២៤ម៉ោង ឱ្យភាគីថៃបើកច្រកព្រំដែនឱ្យមានភាពប្រកតីវិញ តែភាគីថៃមិនអនុវត្តន៍នោះ, នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ មកម្ពុជាបានសម្រេចបិទច្រកព្រំដែន ហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែនទាំងអស់។

ទោះបីយ៉ាងនេះក្ដី ក្រសួងកសិកម្ម ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលបានបញ្ជាក់និងអះអាងថា ស្ថានភាពនេះមិនបង្កជាផលរំខានធ្ងន់ធ្ងរ មកលើសន្តិសុខស្បៀងប្រទេសកម្ពុជាឡើយ ដ្បិតកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ធានានូវស្ថេរភាពស្បៀងអាហារសម្រាប់ប្រជាជន។ នេះបើតាមការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម។

អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍ថា «ជាក់ស្ដែងនៅពេលដែលមានការប្រែប្រួលណាមួយ វាប្រាកដជាមានការរអាក់រអួលខាងផ្នែកផ្គត់ផ្គង់ និងតម្រូវការខ្លះហើយ ទំរាំទីផ្សារអាចធ្វើការសម្របខ្លួនឡើងវិញ ប៉ុន្តែវាក៏ជាឱកាសក្នុងការដែលយើងត្រូវពង្រឹងសមត្ថភាពផលិតកម្ម នៅក្នុងស្រុករបស់យើង ចំពោះទំនិញមួយចំនួន ដែលយើងធ្លាប់តែពឹងផ្អែកពីការនាំចូលពីប្រទេសថៃផងដែរ»

ក្នុងនាមក្រសួងកសិកម្ម, លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ក្នុងស្រុករបស់យើង បង្កើនការគាំទ្រកសិផលរបស់បងប្អូនប្រជាកសិករ ជាពិសេសកសិផលទាំងឡាយណា ដែលធ្លាប់តែធ្វើការនាំចេញ ហើយឥឡូវនេះគាត់មានការលំបាកក្នុងដំណាក់កាលអន្តរកាល។

លោកបានបន្តថា ទៅពេលខាងមុខសង្ឃឹមថាប្រជាកសិករ នឹងយកឱកាសនេះ ដើម្បីសម្របទៅតាមស្ថានភាពជាក់ស្ដែងនៃទីផ្សារ កាត់បន្ថយការពឹងផ្អែកលើដំណាំណាមួយ ដែលយើងធ្លាប់មានពីមុន ហើយធ្វើពិពិធកម្មទៅប្រភេទដំណាំណាមួយ ដែលឥឡូវនេះកំពុងតែមានតម្រូវការ ហើយមិនទាន់មានស្ថេរភាពនៃការផ្គត់ផ្គង់នៅឡើយ។

ជាថ្មីម្ដងទៀត លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា ក្រសួងត្រៀមខ្លួនរួចជាស្រេច តាមរយៈមន្ត្រីកសិកម្មឃុំ តាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនកសិកររបស់យើង៕