(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានប្ដេជ្ញាពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ការប្ដេជ្ញាបែបនេះ ធ្វើឡើងក្នុងពិធីដំណើរការជាផ្លូវការ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសារភោជនាហារសាមគ្គីគ្នា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «សហព័ន្ធសូមប្តេជ្ញាចិត្តប្រកបដោយឆន្ទៈឥតងាករេ បន្តអនុវត្តរាល់សកម្មភាពទាំងឡាយ រួមមាន ពង្រីកការផ្សព្វផ្សាយ ទាក់ទាញ និងកសាងទំនុកចិត្តកាន់តែខ្លាំងក្លា ពីវិនិយោគិន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ»

បន្ថែមពីនោះទៀត អ្នកឧកញ៉ា លី ឃុនថៃ ​ក៏បានប្ដេជ្ញាបន្តលើកកម្ពស់កិត្តិនាមកម្ពុជា ឲ្យកាន់តែល្បីល្បាញថែមទៀត នៅលើឆាកអន្តរជាតិ ជាពិសេសចូលរួម ជាមួយរាជរដ្ឋាភិបាលសម្រេច ចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកឧកញ៉ា លី ឃុនថៃ ​បានលើកឡើងថា រាល់សកម្មភាពទាំងអស់ ដែលសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា អាចសម្រេចបាន និងកំពុងអនុវត្ត គឺកើតចេញពីឆន្ទៈ និងទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ក៏សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការប្រកប ដោយភាពច្បាស់លាស់ និងហ្មត់ចត់បំផុតរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការបញ្ជូនការដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃ ទៅតុលាការ យុត្តិធម៌អន្តរជាតិ ICJ និងតាមគ្រប់មធ្យោបាយ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ ពិតជាជឿជាក់ និងគាំទ្រពេញទំហឹង ចំពោះគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ដូចជាតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា។

ទន្ទឹមគ្នានេះ សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ក៏សូមចូលរួមលើកទឹកចិត្ត ជូនវីរៈយុទ្ធជននៅសមរភូមិមុខ ប្រកបដោយ សាមគ្គីភាព ក្នុងស្មារតីជាតិតែមួយ ក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕