(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះថា គិតមកដល់រសៀលថ្ងៃនេះ មិនទាន់មានការបិទជើងហោះហើររវាងកម្ពុជា-ថៃ នៅឡើយនោះទេ ពោលការហោះហើររវាងភ្នំពេញ-បាងកក និងសៀមរាប-បាងកក នៅដំណើការជាធម្មតា។
លោកបញ្ជាក់ថា «គិតមកដល់ម៉ោងនេះ មិនទាន់មានការបិទជើងហោះហើររវាងភ្នំពេញ-បាងកក និងពីសៀមរាប-បាងកកនោះទេ ហើយក៏មិនមានលុបជើងហោះដែរ ហើយពីសៀមរាម-បាងកក នៅសប្តាហ៍នេះចំនួនភ្ញៀវមានការកើតឡើងជាងសប្តាហ៍មុនថែមទៀត»។
ជើងហោះហើរវាងភ្នំពេញ-បាងកក មានជើងហោះចំនួន ៧៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩ក្រុមហ៊ុន (ក្រុមហ៊ុនក្នុងស្រុក៣) ខណៈការហោះហើររវាងសៀមរាប-បាងកកមាន ៣៨ជើងក្នុង១សប្តាហ៍ ធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៕