(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២៥នេះ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាមានជាង ២ម៉ឺនជើងកើនឡើងជាង ១៤% ចំណែកអ្នកដំណើរមាន ៣លាននាក់ កើនជាង១៨%។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា គិតចាប់ពី ខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា (ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២ម៉ឺនជើង (២៧ ៦៧០ជើង) មានការកើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។

សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣លាននាក់ (៣,០៤២,៥៤៨ នាក់) មានការកើនឡើងជាង១៨% បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាទៅនឹងឆ្នាំ២០២៤។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជិត៣ម៉ឺនតោន (២៩,០១៩ តោន) មានការកើនឡើង ៥% បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាទៅនឹងឆ្នាំ២០២៤៕