(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីលទ្ធផល នៃកិច្ចប្រជុំការចរចាពន្ធបដិការកម្ពុជា-អាមេរិក ជុំទី៣ ដែលបានធ្វើឡើង នាល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពជាវិជ្ជមាននៃការចរចាកន្លងមក និង បានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត។ ភាគីទាំងពីរ ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចប្រជុំចរចា ជុំបន្ទាប់ និងបានប្តេជ្ញាចិត្តបន្តធ្វើការជាមួយគ្នាដើម្បីឈានទៅដល់ការសម្រេចរួម ដែលបម្រើផលប្រយោជន៍ នៃប្រទេសទាំងពីរ។
រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕