(ភ្នំពេញ)៖ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានលើកឡើងថា បិទការនាំចូលផលិតផលពីថៃ កាន់តែយូរកាន់តែល្អ និងធានាចំពោះការផ្គត់ផ្គង់ ផលិតផលចាំបាច់ប្រចាំថ្ងៃ ដែលមានគុណភាព មិនឱ្យខ្វះ និងលើសតម្រូវការ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក មៀវ សុខទ្រី អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានធានាសន្តិសុខស្បៀងកម្ពុជា ក្នុងស្ថានការណ៍ជំនួសទំនិញនាំចូល» ក្នុងកម្មវិធី FRESH BUSINESS។
លោក មៀវ សុខទ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «បើខាងចំណីអាហារខ្ញុំ បិទកាន់តែយូរ កាន់តែសប្បាយចិត្ដ អត់បញ្ហានោះទេ ព្រោះហ៊ានធានា ជូនដល់ប្រជាពលរដ្ឋ ជូនដល់រដ្ឋាភិបាលថា ចំពោះផលិតផលចាំបាច់ប្រចាំថ្ងៃ ដែលយើងអាចហូបបាន ប្រើប្រាស់បានគឺគ្រប់គ្រាន់ ហើយនិងលើសតម្រូវការ»។
បន្ថែមពីនោះទៀត លោក មៀវ សុខទ្រី បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន សមាគមអ្នកផលិតចំណីអាហារកម្ពុជា មានការនាំចេញ របស់ហូបប្រចាំថ្ងៃមួយចំនួន ទៅកាន់អូស្ដ្រាលី, អាមេរិក, កូរ៉េខាងត្បូង ព្រមទាំងវៀតណាម និងថៃ ផងដែរ។
លោក មៀវ សុខទ្រី បានលើកឡើងថា នៅក្នុងសមាគមអ្នកផលិតចំណីអាហារកម្ពុជា មានសមាជិកចំនួន៥១០សហគ្រាស ជាធុនតូច មធ្យម និងធំ ព្រមទាំងបានចុះបញ្ជីត្រឹមត្រូវទាំងអស់ ក្នុងការផលិតម្ហូបអាហារ ចឹងមានផលិតផលរាប់ពាន់មុន គ្រាន់តែមិនសូវមានថវិកា នៅក្នុងផ្សព្វផ្សាយ។
ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក មៀវ សុខទ្រី៖