(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន និងសមាគមទូទាត់ជប៉ុន បានដាក់ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១ ក្នុងប្រទេសជប៉ុន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ។
ការដាក់ដំណើរការជាផ្លូវការនេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក អ៊ុហ្សាវ៉ា ម៉ាសាណា (EZAWA Masana) អគ្គ នាយករងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
សូមជម្រាបថា ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុនស្តីពី «ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមយ្យអរកូតរវាង KHQR និង JPQR។
តាមរយៈអនុស្សរណៈនេះ សមាគមទូទាត់ជប៉ុន ត្រូវបានជ្រើសរើសជាប្រតិបត្តិករគ្រប់គ្រងដំណើរការអនុវត្តគម្រោង។ ការណ៍នេះបង្ហាញពីសមិទ្ធផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ជាឌីជីថលរវាងកម្ពុជា និងប្រទេសជប៉ុន។
ការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែននេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ទទួលបាន នូវបទពិសោធន៍នៃការទូទាត់ឆ្លងដែន តាមឃ្យូអរកួតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីស្កេន ជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា «គម្រោងនេះឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់ប្រតិបត្តិការ ឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។ នេះមិនមែនគ្រាន់តែជាសមិទ្ធផលថ្មី ដែលតភ្ជាប់ផ្នែកបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរផងដែរ»។
លោកស្រីបណ្ឌិតបានបន្ដថា ការណ៍នេះបង្ហាញពីស្មារតី ក្នុងការចូលរួមប្រើប្រាស់ បច្ចេកវិទ្យា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងបង្ហាញថា កម្ពុជាមានសមត្ថភាពពេញលេញ ក្នុងការចូលរួមដំណើរការនៃ សេដ្ឋកិច្ចឌីជីថលជាសកល។
លោក ហ្វូគូដា យ៉ូស៊ីអូ (FUKUDA Yoshio) នាយកប្រតិបត្តិ សមាគមទូទាត់ជប៉ុន បានថ្លែងថា «ពួកយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រដល់ការអភិវឌ្ឍគម្រោងនេះ។ ការប្រកាសដាក់ឱ្យដំណើរការ ជាផ្លូវការនាថ្ងៃនេះ គឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
លោកបានថ្លែងបន្ដថា យើងរំពឹងថាការតភ្ជាប់នេះនឹងចូលរួមបង្កើនប្រតិបត្តិការឆ្លងដែនបន្ថែម លើប្រតិបត្តិការទូទាត់ បង្កើតការតភ្ជាប់និងបណ្តាញទំនាក់ទំនង ដែលរួមចំណែកជំរុញកំណើនកម្ពុជា និងប្រទេសជប៉ុន។
គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយបណ្ដាប្រទេសនានាជាច្រើន ប្រកបដោយភាពជោគជ័យ ក្នុងនោះរួមមានថៃ វៀតណាម, កូរ៉េ ចិនជាដើម ហើយនៅថ្ងៃអនាគតនឹងមានការសហការ ជាមួយបណ្ដាប្រទេសជាច្រើនផ្សេងទៀត៕