(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក Confirel ដែលជាក្រុមហ៊ុនកែច្នៃចំណីអាហារដ៏ល្បីរបស់កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ថៃមិនអាចប្រើម៉ាក «ប្រហុកសៀមរាប» របស់កម្ពុជា បិទលើផលិតផលរបស់ខ្លួន ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស បាននោះទេ ព្រោះកម្ពុជា បានចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រហុកសៀមរាប គឺជាផលិតផល ចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដូច្នេះថៃនាំចេញមិនបាននោះទេ បើសិនជាថៃនាំចេញ គឺកម្ពុជាមានសិទ្ធិប្ដឹង»។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានគូសបញ្ជាក់ថា ចាប់ពីខែមេសា ឆ្នាំ២០២៥នេះតទៅ ប្រទេសថៃគ្មានសិទ្ធិនាំចេញផលិតផល មានម៉ាកសម្គាល់ «ប្រហុកសៀមរាប» ដែលផលិតនៅថៃ នៅទីផ្សារអន្ដរជាតិនោះទេ លុះត្រាតែផលិតនៅក្នុងប្រទេសកម្ពុជា ទើបមានសិទ្ធិអាចនាំចេញ ទៅក្រៅស្រុកបាន។
ការចេញមកបញ្ជាក់យ៉ាងដូច្នេះរបស់អ្នកនាំចេញកម្ពុជាបែបនេះ បន្ទាប់បានឃើញ គណនី TikTok របស់លោក សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញភូមិមួយ ផលិតផលមួយ បានបង្ហោះវីដេអូមួយដែលលោកបានចូលទីកាន់ផ្សារខ្មែរមួយកន្លែង នៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានឃើញម៉ាក «ប្រហុកសៀមរាប» ប៉ុន្តែសរសេរថាជាផលិតផលរបស់ថៃទៅវិញ។ ប្រហុកមួយកែវតូចលក់ក្នុងតម្លៃជាង២០ដុល្លារ។
សូមជម្រាបថា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ កម្ពុជាបានសម្ពោធ «ប្រហុកសៀមរាប» ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ក្នុងការអភិរក្សការអនុវត្តបែបប្រពៃណី និងលើកកម្ពស់សហគមន៍មូលដ្ឋានដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ប្រហុកសៀមរាប គឺជាផលិតផល ដែលមានលក្ខណៈពិសេស ដាច់ដោយឡែករបស់កម្ពុជា ដែលមានលក្ខណៈពិសេសដូចទៅនឹងម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងទឹកឃ្មុំព្រៃ មណ្ឌលគិរីផងដែរ។
ការលើកកម្ពស់ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គឺជាការប្តេជ្ញារបស់កម្ពុជា ក្នុងការលើកកម្ពស់អត្តសញ្ញាណផលិតផល និងគាំទ្រដល់ការប្រកបរបរចិញ្ចឹមជីវិតនៅតាមជនបទ។
បន្ទាប់ពីត្រូវបានចុះបញ្ជីជាម៉ាក សម្គាល់ភូមិសាស្រ្តទំនិញថ្មី ប្រហុកសៀមរាប មិនត្រឹមតែអាចរួមចំណែក ជួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជួយការពារ ទំនៀមទម្លាប់ប្រពៃណី និងបរិស្ថានផងដែរ។
ប្រហុកសៀមរាប គឺជាការអបអរសាទរដ៏សំខាន់ នៃប្រពៃណីម្ហូបអាហារជាតិកម្ពុជា ដែលមានប្រភពដើមពីសម័យអាណាចក្រអង្គរ ដែលពោរពេញទៅដោយគ្រឿងផ្សំ ក្នុងស្រុកប្រកបដោយឱជារស។
ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ប្រហុកសៀមរាប នឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ផលិតករក្នុងស្រុក ដែលអាចជួយលើកស្ទួយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅលើទីផ្សារពិភពលោក និងជួយឱ្យពិភពលោកទទួលស្គាល់ នូវមរតកម្ហូបអាហារដ៏សម្បូរបែបរបស់ខ្មែរ៕