(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា នឹងដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៥។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានគោលបំណង ពង្រឹងចំណងសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ព្រមទាំងស្វែងរកទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលកម្ពុជា។
កម្មវិធីនៃដំណើរទស្សនកិច្ចនេះ បង្កលក្ខណៈឲ្យគណៈប្រតិភូទទួលបាននូវកាលានុវត្តភាព និងការផ្សាភ្ជាប់ ទំនាក់ទំនងជាអតិបរមា។ ក្នុងនោះព្រឹត្តិការណ៍ដ៏សំខាន់មួយ គឺសន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជាដែលរំពឹងថា នឹងមានការចូលរួមពីធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។
សន្និសីទនេះនឹងដើរតួនាទីជាវេទិកាដ៏សំខាន់ សម្រាប់ការចូលរួមដោយផ្ទាល់ សម្រួលដល់ការពិភាក្សារកដៃគូសក្តានុពល ការបណ្តាក់ទុនរួមគ្នា និងកាលានុវត្តភាពទី ផ្សារតាមវិស័យនានា។
ក្នុងឱកាសនៃសន្និសីទនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមធុរកិច្ចវៀតណាម-កម្ពុជាផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះមានគោល បំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាផ្លូវការ ដែលរួមចំណែកដល់ការលើកកម្ពស់ កិច្ចសម្រួលពាណិជ្ជ កម្ម និងវិនិយោគទ្វេភាគី។ ទន្ទឹមនឹងនេះ ក៏មានការរៀបចំផ្គូផ្គងធុរកិច្ចផងដែរ ដែលផ្តល់ឱកាសពិសេសដល់គណៈប្រតិភូ កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនវៀតណាមទៅតាមវិស័យរៀងៗខ្លួន។
គណៈប្រតិភូក៏នឹងធ្វើទស្សនកិច្ចនៅ តាមក្រុមហ៊ុនវៀតណាមផងដែរ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីប្រតិបត្តិការ បច្ចេកវិទ្យា និងវិស័យសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការរួម។
សភាពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាគាំទ្រសហគ្រាសកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ទីផ្សារអន្តរជាតិ។ បេសកកម្ម ធុរកិច្ចនេះ រំពឹងថានឹងជួយបើកច្រកថ្មីសម្រាប់អ្នកនាំចេញ និងវិនិយោគិនកម្ពុជា ដែលរួមចំណែកដល់ពិពិធកម្ម និងកំណើនសេដ្ឋកិច្ចជាតិ៕