(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើដល់បងប្អូនពាណិជ្ជករ និងកសិករខ្មែរនៅតាមព្រំដែនកម្ពុជា-ថៃ ធ្វើការទិញ-លក់ដំឡូងមី ដោយប្រើប្រាស់រូបិយវត្ថុជាតិ គឺប្រាក់រៀល ដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់។
ការស្នើជាថ្មីរបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងឱកាសលោក ចុះពិនិត្យមើលទីលានហាល និងឃ្លាំងស្តុកទុកដំឡូងមី នៅខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។
ការអំពាវនាវនេះ ដោយសារតែនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ពាណិជ្ជករ ឈ្មួញទិញកសិផល តែងតែប្រើប្រាស់ប្រាក់បាតរបស់ថៃ ដើម្បីទិញ-លក់កសិផលរបស់កសិករ ហើយការប្រើប្រាស់ប្រាក់រៀលរបស់ជាតិ គឺជាការលើកស្ទួយអត្តសញ្ញាណជាតិផងដែរ។
បន្ថែមពីនេះ លោកបណ្ឌិត កៅ ថាច បានណែនាំឲ្យម្ចាស់ឃ្លាំង និងក្រុមអ្នកប្រមូលទិញត្រូវ សហការជាមួយក្រុមហង្ស ហាវេស ដែលជាអ្នកនាំចេញធំ ដើម្បីអាចនាំចេញដំឡូងមីទៅកាន់ទិផ្សារចិន ហើយប្រសិនបើត្រូវការទុនបន្ថែម ធនាគារ ARDB អាចផ្តល់ជូនបាន ក្នុងអត្រាការប្រាក់អនុគ្រោះ។
លោកបណ្ឌិត កៅ ថាច បានអំពាវនាវដល់ពាណិជ្ជករ និងឈ្មួញ សូមបន្តប្រមូលទិញដំឡូមី ពីបងប្អូនកសិករបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហា ចំពោះមុខរបស់ប្រជាកសិករនឹងលើកកម្ពស់សេដ្ឋកិច្ចជនបទ។
លោកបណ្ឌិតបញ្ជាក់ថា «សូមស្នើឲ្យបងប្អូន ដែលធ្វើពាណិជ្ជកម្មដំឡូងមី ត្រូវប្រើប្រាស់រូបិយវត្ថុជាតិ គឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់កសិផលនៅតាមមូលដ្ឋានរាងៗខ្លួន ដើម្បីកាត់បន្ថយនូវហានិភ័យនៃអត្រាប្តូរប្រាក់»។
សូមជម្រាបថា នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦នេះ ក្រុមហ៊ុន ហង្ស ហាវេស អេហ្រ្គីខលឈ័រ បាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមទៅប្រទេសចិន ក្នុងរង្វង់ ២០ម៉ឺនតោន ។
ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជា ត្រូវបានផលិតដោយកសិករលើផ្ទៃដីដាំដុះប្រមាណជាង ៨៤ ម៉ឺនហិកតា ផ្តល់ទិន្នផលស្រស់ប្រមាណ ១៥ លានតោន ជាមួយផលសេដ្ឋកិច្ចប្រមាណណ ១ ២៥៥ លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ពោតក្រហមប្រមាណជាង ២៨ ម៉ឺនហិកតាផ្តល់ទិន្នផលស្រស់ប្រមាណ ១ លានតោន ផ្តល់ផលសេដ្ឋកិច្ចប្រមាណជាង ២០០ លានដុល្លារ៕