(ប៉ៃលិន-បន្ទាយមានជ័យ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលទីតាំងឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗ ស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យ នៅបណ្តាខេត្តជាប់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត កៅ ថាច បានស្នើសុំឲ្យម្ចាស់សៃឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ ឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះ គឺដល់ការប្រមូលផលពេញធំ។
បន្ថែមពីនេះ លោកអំពាវនាវ សូមអ្នកទិញទាំងអស់គ្នា មេត្តាជួយទិញតម្លៃពី ៥៣០រៀលឡើងទៅ គឺកសិករនឹងមិនខាតនោះទេ។ សម្រាប់ លោកបណ្ឌិត កៅ ថាច ក្នុងឱកាសនោះក៏បានស្នើសុំឱ្យម្ចាស់សៃឡូ ប្រើប្រាស់រូបិយវត្ថុជាតិ គឺប្រាក់រៀល ក្នុងប្រតិបត្តិការទិញ-លក់ កសិផលដើម្បីកាត់បន្ថយនូវហានិភ័យ នៃអត្រាប្តូរប្រាក់ផងដែរ៕