(ភ្នំពេញ)៖ លោក Claude Azema ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់ពិភពលោក បានប្រកាសចាត់ទុកវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ គឺជាបេតិកភណ្ឌក្នុងវិស័យកីឡាមួយនេះ ហើយក៏ជានិមិត្តរូបអមតៈរបស់កីឡាប៉េតង់ពិភពលោកផងដែរ។

ការពោលពាក្យគួរជាទីមោទនសម្រាប់កីឡាការិនីកម្ពុជានេះ បានធ្វើឡើងតាមរយៈវីដេអូរបស់លោក Claude Azema នៅក្នុងកម្មវិធីអបអរសាទរម្ចាស់មេដាយមាសប៉េតង់ពិភពលោក ៤ជំនាន់ កែ ឡេង ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្នុងវីដេអូខាងលើ លោកបាននិយាយអំពីពាក្យបេតិកភណ្ឌ ដែលវច្ចុនានុក្រមទាំងអស់ផ្ដល់និយមន័យស្របគ្ន នូវអត្ថន័យសំខាន់ៗ៣ ទី១-វាអាចជាអាគារដ៏ស្រស់ស្អាតមួយ ដូចប្រាសាទអង្គរវត្តនៅកម្ពុជា ទី២-វាអាចជាស្នាដៃដ៏អស្ចារ្យមួយ ដូចជារបាំព្រះរាជទ្រព្យរបស់កម្ពុជា ឬល្ខោនស្បែកធំជាដើម ហើយទី៣-វាក៏អាចសំដៅដល់បុគ្គលដែលគួរឲ្យស្ញប់ស្ញែងផងដែរ។

លោកបន្ដថា «ដូច្នេះខ្ញុំអាចនិយាយបានថា កែ ឡេង លោកស្រីជាបេតិកភណ្ឌក្នុងវិស័យកីឡាប៊ូល និងប៉េតង់។ មានបុគ្គលិកដែលគួរឲ្យស្ញប់ស្ញែងនៅលើពិភពលោកដូចជា Michael Jordan សម្រាប់កីឡាបាល់បោះ Car Lewis សម្រាប់អត្តពលកម្ម Michael Phelps សម្រាប់កីឡាហែលទឹក និងសម្រាប់ស្ដ្រីមានដូចជាលោកស្រី La Tsarine មកពីប្រទេសរុស្ស៊ី Isinbaeva។ ពេលនេះ កែ ឡេង លោកស្រីក៏កំពុងឈរនៅក្នុងកម្រិតពិភពលោកដូចបុគ្គលិកទាំងនោះដែរ»

ដោយដឹងច្បាស់ពីសមត្ថភាពរបស់ស្ដ្រីវ័យ ៥៧ឆ្នាំរូបនេះ លោក Claude Azema បានលើកសរសើរមិនដាច់ពីមាត់ ហើយថា លោកស្រីពូកែជាងកីឡាករឆ្នើមបារាំង Philippe Quintais ទៀត។ លោកថា «លោកស្រីពូកែជាងលោក Philippe Quintais កីឡាករឆ្នើមរបស់បារាំងទៀត។ គាត់ឈ្នះជើងឯកចំនួន ៤ដងដែរ ប៉ុន្ដែគាត់ឈ្នះជារៀងរាល់ឆ្នាំ។ ដូច្នេះគាត់ជាជើងឯកពិភពលោកក្នុងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ តែលោកស្រីវិញ នឹងនៅបន្ដឈរលើតំណែងជើងឯកពិភពលោកសម្រាប់ស្ដ្រីរយៈពេល ៩ឆ្នាំ រហូតដល់ការប្រកួតឆ្នាំក្រោយនៅថៃ»

លើសពីនេះ លោកបានព្យាយាមនិយាយជាភាសាខ្មែរទៀតថា «ខ្ញុំចង់និយាយជាភាសាខ្មែរឥឡូវលោកស្រីជាបុគ្គលអមតៈ អមតៈសម្រាប់កីឡាប៉េតង់ពិភពលោក។ លោកស្រីបានបង្កើតការទទួលស្គាល់ក្នុងយុគសម័យនេះ សម្រាប់កីឡាករ-កីឡាការិនីប៉េតង់ទាំងអស់។ ដូច្នេះកុំសើច ពេលខ្ញុំព្យាយាមនិយាយពាក្យខ្លះពីរឿងនេះជាភាសារខ្មែរ [ម៉ាដាម កែ ឡេង បាទ ម៉ាដាម អ្នកក្លាយជានិមិត្តរូបអមតៈនៃកីឡាប៉េតង់។ អ្នកបានសម្គាល់យុគសម័យរបស់អ្នក។ អ្នកសមនឹងទទួលបានសេចក្ដីស្រឡាញ់របស់យើង កែ ឡេង] (និយាយជាភាសាខ្មែរ)»

គួរដឹងថា សមិទ្ធផលដ៏អស្ចារ្យ ដែលធ្វើឲ្យពិភពលោកចងចាំអ្នកស្រី កែ ឡេង គឺជាការឈ្នះមេដាយមាសពិភពលោក ៤ជំនាន់ កាលពីឆ្នាំ២០១៣ (នៅបារាំង), ឆ្នាំ២០១៥ (នៅថៃ), ឆ្នាំ២០១៧ (នៅចិន) និងឆ្នាំ២០១៩ (នៅកម្ពុជា)។ អ្វីដែលពិសេស គឺលោកស្រីទើបចូលរួមបាន ៤លើកចុងក្រោយនេះប៉ុណ្ណោះ ហើយដណ្ដើមបានមេដាយមាសជាប់ៗគ្នាតែម្ដង។ លើសពីនេះ លោកស្រីក៏ឈ្នះមេដាយអន្ដរជាតិជាច្រើនទៀតដែរ សរុបមានមេដាយមាស ២២, ប្រាក់ ១៤ និងសំរឹទ្ធ ១៧ គ្រឿងឯណោះ ក្នុងរយៈពេល ២៧ឆ្នាំដែលលោកស្រីលេងកីឡានេះ៕