(បរទេស)៖ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេផលិត Keyboard នៅលើកុំព្យូទ័រ ដែលយើងប្រើប្រាស់ដូចពេលបច្ចុប្បន្ន មិនតម្រៀបតាមលំដាប់លំដោយអក្សរអង់គ្លេស ABCD... ហើយបែរជាដាក់ច្រឡូកច្រឡំ QWERT... ទៅវិញយ៉ាងដូច្នេះ?
ចម្លើយគឺឆ្លើយខ្លី គឺដោយសារ Keyboard របស់កុំព្យូទ័រ យកគំរូតាម Keyboard របស់អង្គុលីលេខ ដែលពិភពលោកធ្លាប់ប្រើប្រាស់កាលពីសម័យមុន។
ចុះហេតុអ្វីបានជា Keyboard របស់អង្គុលីលេខ ផលិតឡើងមិនតម្រៀបតាមលំដាប់លំដោយអក្សរ ABCD... យ៉ាងដូច្នេះដែរ?
នៅពេលដែលគេបង្កើតអង្គុលីលេខដំបូង អក្សរទាំងអស់នៅលើ Keyboard របស់វា ត្រូវបានតម្រៀបតាមលំដាប់ ABCD...យ៉ាងត្រឹមត្រូវ ប៉ុន្តែដោយសារអ្នកប្រើប្រាស់អង្គុលីលេខវាយអក្សរលើ Keyboard លឿនជាងដំណើរការរបស់ម៉ាស៉ីនអង្គុលីលេខ ដែលបណ្ដាលឱ្យអក្សរដែលវាយចេញមក ជាន់គ្នាឥតសណ្ដាប់ធ្នាប់ ពីព្រោះអង្គុលីលេខសម័យនោះ ដំណើរការយឺតជាងកុំព្យូទ័របច្ចុប្បន្នឆ្ងាយណាស់។
ដោយសារជួបបញ្ហានេះហើយ ទើបនៅទសវត្សរ៍ឆ្នាំ១៨៦០ គេបានប្ដូរការតម្រៀបតួអក្សរអង់គ្លេសឱ្យទៅជាត្រលប់ត្រលិនរញ៉េរញ៉ៃវិញ ក្នុងគោលបំណងបន្ថយល្បឿននៃការវាយអក្សរនៅលើ Keyboard ដើម្បីឱ្យអក្សរដែលបានសរសេរនៅលើអង្គុលីលេខនោះ ចេញមកប្រកបដោយលំដាប់លំដោយវិញ។
លុះដល់ពេលដែលពិភពលោកអាចបង្កើតកុំព្យូទ័របាន គេក៏ផលិត Keyboard របស់កុំព្យូទ័រតាមគំរូ Keyboard របស់អង្គុលីលេខនេះតែម្ដង៕