(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ មានទំហំសរុប ៣៥០០០ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់ ៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ ទាន់សម័យ។ល។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) ក៏មានការចូលរួមពីលោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, លោក Khong Weng Fook អភិបាលមិនប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, តំណាងក្រុមហ៊ុនម៉ាកល្បីៗ និងអ្នកជំនាញក្នុងវិស័យជាច្រើនរូបទៀត។

លោក Steven Wang បានឡើងថ្លែងថា Prince Square បានវិនិយោគធនធានមនុស្ស និងធនធានសម្ភារជាច្រើនតាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក។

Prince Square បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ។ ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះអាចទទួលបានជោគជ័យនិងសម្រេចតាមគម្រោងផែនការយ៉ាងរលូន។ ការទទួលបានជោគជ័យលើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាននូវការគាំទ្រពីលោក ឃួង ស្រេង ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។

លោក Steven Wang បានបន្តផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការជាយុទ្ធសាស្ត្រទាំងអស់ អាចបំពេញគុណសម្បត្តិឲ្យគ្នាទៅវិញទៅមក អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ហើយនិងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា។

លោក ឃួង ស្រេង បានលើកឡើងទៀតថា Prince Square គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិត សម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោក។ ក្នុងគមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការ និងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។

ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកសូមចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់។

ក្នុងឱកាសនោះ លោក ឃួង ស្រេង និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចាក់ខ្សាច់មាសជាបណ្តើរ ហើយតួអក្សរ «Prince Square» ពណ៌មាសក៏បានលេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនដៃគូសហការ និង Prince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មីនៃពាណិជ្ជកម្មនៅភ្នំពេញ។

តាមព័ត៌មានបានឲ្យដឹងថា គម្រោង Prince Square មានទំហំសរុប ៣៥០០០ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ។ល។ ដោយមានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក រួមនឹងការសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗ Prince Square នឹងក្លាយជាផ្សារទំនើបដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅភ្នំពេញ ហើយការទទួលបានជោគជ័យនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ នៃគម្រោងផ្សារទំនើប Prince Square ជាសញ្ញាសម្គាល់នូវការបោះជំហានដ៏ធំមួយទៀតក្នុងការឆ្ពោះទៅរកការបើកសម្ពោធជាផ្លូវការរបស់គម្រោង Prince Square។ នាថ្ងៃខាងមុខ Prince Square នឹងសហការជាមួយដៃគូរបស់ខ្លួន ដើម្បីរួមគ្នាបង្កើតនូវគោលដៅអាជីវកម្មកាន់តែធំ និងសម្រេចភាពជោគជ័យក្នុងការបង្កើនប្រាក់ចំណេញ ក៏ដូចជាផ្តល់ទីតាំងថ្មីមួយសម្រាប់ ការធ្វើដំណើរនិងទិញទំនិញរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ៕