(ភ្នំពេញ)៖ ក្នុងនាមជាស្ថាប័នមួយដែលតែងតែផ្តោតយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពអតិថិជន និងបុគ្គលិករបស់ខ្លួន ធនាគារ ហត្ថា បានធ្វើការអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត។

ការអនុវត្តវិធានការនេះ មិនមែនទើបតែចាប់ផ្តើមធ្វើនោះទេ ធនាគារ ហត្ថាបានអនុវត្តចាប់តាំងពីមានការរកឃើញវត្តមានជំងឺកូវីដ១៩ ដំបូងនៅក្នុងប្រទេសកម្ពុជាមកម្ល៉េះ។

ជាការឆ្លើយតបទៅនឹងការឆ្លងចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ដែលការចម្លងហាក់ដូចជាមានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍មុនៗ ធនាគារ ហត្ថា បានចាត់វិធានការភ្លាមៗ ដើម្បីការពារសុវត្ថិភាពអតិថិជន និងបុគ្គលិករបស់ខ្លួន ដែលសកម្មភាពទាំងនោះរួមមាន៖

១៖ ធ្វើការផ្សព្វផ្សាយវិធានការការពារ ៣កុំ និង៣ការពារ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលទៅកាន់បុគ្គលិកទាំងអស់ ព្រមទាំងអតិថិជន។
២៖ បិទ QR code “ទប់ស្កាត់កូវីដ១៩-Stop COVID-19” នៅគ្រប់ការិយាល័យសាខាទាំងអស់ និងតម្រូវឱ្យអតិថិជន ព្រមទាំងបុគ្គលិកទាំងអស់ធ្វើការស្កេន រាល់ពេលចូលការិយាល័យនីមួយៗ។
៣៖ ធ្វើការវាស់កំដៅ និងបាញ់អាកុលបុគ្គលិកមុនពេលចូលការិយាល័យម្តងៗ (ពេលព្រឹក និងពេលថ្ងៃ) និងតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ និងរបាំងមុខជាប់ជានិច្ចនៅក្នុងបរិវេណការិយាល័យធានាគារ។
៤៖ អតិថិជនដែលចូលការិយាល័យត្រូវធ្វើការវាស់កំដៅ និងបាញ់អាកុលជាមុន ព្រមទាំងតម្រូវឱ្យពាក់ម៉ាស់។
៥៖ កំណត់គម្លាតដល់អតិថិជនដែលត្រូវអង្គុយចាំធ្វើប្រតិបត្តិការបានត្រឹមត្រូវ។
៦៖ ផ្លាស់ប្តូរការប្រជុំ និងវគ្គបណ្តុះបណ្តាលផ្សេងៗពីការជួបផ្ទាល់ទៅជាអនឡាញ (Online) វិញ។
៧៖ រៀបចំចាត់ចែងបុគ្គលិកមួយចំនួនឱ្យធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការជួបផ្ទាល់ និងរក្សាគម្លាតសង្គមឱ្យបានល្អក្នុងការិយាល័យ។
៨៖ បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងការិយាល័យជាទៀងទាត់។

សកម្មភាពទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។ បន្ថែមពីលើនេះ ធនាគារ ហត្ថាក៏ធ្លាប់បានបរិច្ចាគថវិការចំនួន ២០០,០០០,០០០រៀល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។

ការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ គឺជាការជួយខ្លួនឯង ជួយក្រុមគ្រួសារ និងជួយសង្គមជាតិយើងទាំងមូល។ ទាំងអស់គ្នាអនុវត្ត ៣កុំ និង៣ការពារ ដើម្បីកម្ពុជាជៀសផុតពីការចម្លងជំងឺកូវីដ៕