(ភ្នំពេញ)៖ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមស្វាគមន៍ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានធ្វើការដាំស្មៅធម្មជាតិលើទីលានរួចរាល់ហើយ ខណៈការបំពាក់កៅអី កំពុងដំណើរការយ៉ាងមមាញឹក ដោយមកទល់ពេលនេះ បានសម្រេចជាង ១២,០០០កៅអីហើយ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ បច្ចុប្បន្នមានការរីករាលដាលខ្លាំង តែការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសកីឡដ្ឋានធំ ឬកីឡដ្ឋានបាល់ទាត់ បានបន្ដការសាងសង់ដោយរលូន ដែលអាចនឹងបញ្ចប់ការសាងសង់តាមផែនការគ្រោងទុក នាអំឡុងចុងខែឧសភា ឆ្នាំ២០២១ ជាក់ស្ដែងការបំពាក់កៅអី ឥឡូវបំពាក់បានជាង ១២,០០០កៅអីហើយ ហើយនៅសល់ជាង ៤ម៉ឺនកៅអីទៀត កំពុងសម្រុកបំពាក់បន្ថែម ដោយក្នុងមួយថ្ងៃអាចបំពាក់បានពី ៨០០កៅអី។

ដោយឡែកទីលានបាល់ទាត់វិញ បានដាំស្មៅធម្មជាតិពេញហើយ ខណៈកន្លែងខ្លះ ក៏បានលាស់ចេញពណ៌បៃតងដែរ ពោលគឺនៅសល់តែទីលានអត្តពលកម្ម(ពីសរត់) ដែលត្រូវបំពាក់ក្នុងពេលដ៏ខ្លីខាងមុខ ។ តាមការប៉ាន់ស្មានការការតុបតែងកៅអី និងការតុបតែងផ្សេងៗ ត្រូវបានពន្លឿនឲ្យបានរួចរាល់នាពេលឆាប់ៗ ពិសេសកៅអី តាមការឲ្យដំណឹង ខាងភាគីចិន នឹងពន្លឿនឲ្យបានចប់ក្នុងខែមេសានេះ ។ លោក វ៉ាត់ ចំរើន បន្ថែម។

អគ្គលេខាធិការ CAMSOC ដដែលបន្ដថា ដើម្បីពន្លឿនផែនការសាងសង់នេះឲ្យបានឆាប់រហ័ស ពិសេសអំឡុងវិបត្តិកូវីដ-១៩ ទាំងវិស្វករ ទាំងកម្មករកម្ពុជា និងចិនទាំងអស់ ត្រូវបានអនុវត្តវិធានការបង្ការជំងឺដ៏កាចសាហាវនេះ ដោយមិនអនុញ្ញាតឲ្យចេញចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡដ្ឋានធំនេះ ត្រូវស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។ នេះគឺជាដំណើរការវឌ្ឍនភាពការងារនៃការងារសាងសង់ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ ។ សមិទ្ធផលដ៏ធំសម្បើមនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ ដែលសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ពិធីបើក-បិទការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕