(អាមេរិក)៖ រថយន្តរបស់ក្រុមហ៊ុន Tesla ពិតណាស់ត្រូវបានគេដឹងថា បានបំពាក់កាមេរ៉ានៅក្នុងរថយន្ត ដើម្បីថត និងបញ្ជូនរូបភាពវីដេអូរបសអ្នកដំណើរ ទៅកាន់ក្រុមហ៊ុន កំពុងបង្កើតការព្រួយបារម្ភអំពីភាពជាឯកជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

ទស្សនាវដ្តី Consumer Reports បានចេញផ្សាយថា ដើម្បីសុវត្ថិភាព ក្រុមហ៊ុន Tesla បានបំពាក់កាមេរ៉ានៅក្នុងរថយន្តដើម្បីថត និងបញ្ជូនរូបភាពវីដេអូរបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុន ក្នុងគោលបំណងចង់ដឹងថា អ្នកបើកបរមិនបានយកចិត្តទុកដាក់ក្នុងការបើកបរ ឬកំណត់ឲ្យរថយន្តបើកបរដោយស្វ័យប្រវត្តតែខ្លួនឯងបែបជាគេង ឬធ្វើសកម្មភាពអ្វីផ្សេងដោយមិនចាប់អារម្មណ៍ពីការកាន់ចង្កូតរថយន្ត។

លោក Jake Fisher ប្រធានគ្រប់គ្រងការតេស្តរបស់ទស្សនាវដ្ដី Consumer Reports បានថ្លែងថា បើសិនជា Tesla ចង់ដឹងថា អ្នកបើកបរ មិនយកចិត្តទុកដាក់ក្នុងការកាន់ចង្កូតឬអត់ អាចប្រើវីធីសាស្ត្រផ្សេង ឬអាចប្រើដូចគ្នាទៅនឹងក្រុមហ៊ុនផ្សេង។

លោកបានបន្ថែមទៀតថា ក្រុមហ៊ុនផលិតរថយន្តផ្សេងដូចជា Ford Motor និង General Motors គឺបានប្រើបច្ចេកវិទ្យា Infrare ក្នុងការចាប់ភ្នែក ឬក្បាលអ្នកបើកបរ បើសិនជាឃើញថា ភ្នែក និងក្បាលមានសកម្មភាពខុសប្រក្រតី នោះវានឹងលោតចេញជាសារសំឡេងដាស់តឿនដល់អ្នកបើកបរ។

គួរបញ្ជាក់ផងដែរថា នៅមុននេះមានសេចក្តីរាយការណ៍មកថា រដ្ឋាភិបាលចិនបានហាមឃាត់វត្តមានរថយន្ត Tesla នៅក្បែរ ឬក្នុងមូលដ្ឋានកងទ័ព ដោយព្រួយបារម្ភទៅលើសុវត្ថិភាព ខ្លាចរថយន្ត Tesla ថត និងប្រមូលឯកសារសំខាន់ៗ បញ្ចូនទៅកាន់រដ្ឋាភិបាលអាច ប៉ុន្តែលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុននេះ បានអះអាងថា បើសិនមានករណីបែបនេះមែន លោកនឹងបិទក្រុមហ៊ុន Tesla ភ្លាម៕