(អាមេរិក)៖ ក្រុមហ៊ុន Twitter បានប្រកាសជាផ្លូវការថាខ្លួននឹងបើកការិយាល័យដំបូងរបស់ខ្លួននៅលើទឹកដីអាហ្វ្រិក ក្នុងប្រទេសហ្គាណា ដែលជាតំបន់មួយមានការរីកចម្រើនលឿន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ត្បិតតែអាហ្វ្រិក មិនសូវមានស្ថានភាពល្អសម្រាប់ក្រុមហ៊ុនដែលរកស៊ីលើវិស័យអ៊ីធឺណិតក្ដី ប៉ុន្តែ Twitter បានមើលឃើញឱកាសក្នុងការទទួលបានផលចំណេញច្រើនពីទីផ្សារមួយនេះ។

ក្រុមហ៊ុន Twitter បាននិយាយថា យើងត្រូវតែចូលទៅកាន់សហគមន៍ ឬសង្គមអ្នកមាន និងអ្នកក្សត់ ដើម្បីសិក្សាឲ្យស៊ីជម្រៅ ព្រមទាំងផ្សារភ្ជាប់រវាងទំនាក់ទំនងរបស់ពួកគេ មិនថាពួកគេស្ថិតនៅក្នុងសង្គមណាក៏ដោយ គឺពួកគេនឹងបង្កើតការសន្ទនារៀងរាល់ថ្ងៃតាមរយៈយើង។

គួរបញ្ជាក់ផងដែរថា Facebook បានបើកការិយាល័យរបស់ខ្លួននៅក្នុងតំបន់អាហ្វ្រិកតាំងពីឆ្នាំ២០១៥ ហើយមកដល់បច្ចុប្បន្នមានអ្នកប្រើប្រាស់ Facebook ប្រមាណ ៥៩ភាគរយ នៃអ្នកប្រើប្រាស់អ៊ីនធើណែត ហើយវាក៏ជាកត្ដាមួយជំរុញឱ្យ Twitter បើកការិយាល័យរបស់ខ្លួននៅអាហ្វ្រិកផងដែរ៕