(ភ្នំពេញ)៖ នៅរៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ១៤កើត ខែចេត្រ ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី (មហាសង្ក្រាន្ត) ដើម្បីអបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប៉ុន្តែសូមកុំយល់ច្រឡំថា បុណ្យចូលឆ្នាំខ្មែរនេះជាពេលឆ្លងឆ្នាំពុទ្ធសករាជឱ្យសោះ។ នៅឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ គឺយើងស្ថិតនៅពុទ្ធសករាជ ២៥៦៤ ដដែល មិនទាន់ឆ្លងចូល ២៥៦៥ នោះឡើយ ពីព្រោះពុទ្ធសករាជចាប់ផ្តើមរាប់នៅពេលដែលព្រះពុទ្ធចូលបរិនិព្វាន ក្នុងវេលាថ្ងៃបុណ្យពិសាខបូជាខាងមុខ (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១) មានន័យថា ក្រោយមួយថ្ងៃនៃថ្ងៃបុណ្យពិសាខបូជា ទើបឆ្នាំពុទ្ធសករាជត្រូវរំកិលឆ្លងចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី២៧ ខែមេសា តទៅ។

ជាការពិតណាស់ អ្នកស្រុកខ្មែរយើងនៅមាន «សករាជ» ចំនួនពីរទៀត ដែលតែងនិយមប្រើប្រាស់កាលពីបុរាណកាល នោះគឺ «មហាសករាជ» និង «ចុល្លសករាជ»។ ការណ៍ដែលប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីជារៀងរាល់ឆ្នាំនោះ គឺដើម្បីឆ្លងឆ្នាំនៃមហាសករាជ និងចុល្លសករាជនេះឯង ពោលគឺមិនមែនឆ្លងឆ្នាំនៃពុទ្ធសករាជនោះទេ។ ប៉ុន្តែដោយសារបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរមិននិយមប្រើប្រាស់មហាសករាជ និងចុល្លសករាជដូចមុន ទើបបណ្ដាលឱ្យអ្នកខ្លះមានការយល់ច្រឡំថា «ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ជាការឆ្លងឆ្នាំនៃពុទ្ធសករាជ» ទៅវិញ។

ដូច្នេះដើម្បីពន្យល់ប្រិយមិត្ត ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅឱ្យយល់ច្បាស់អំពីមន្ទិលខាងលើ យើងខ្ញុំសូមលើកឡើងអំពីសករាជទាំងពីរនេះដូចតទៅ៖

១៖ អំពីមហាសករាជ (សករាជធំ)

មហាសករាជ (ម.ស.) កើតក្រោយពុទ្ធសករាជ ៦២១ ឆ្នាំ និងកើតក្រោយគ្រិស្តសករាជ ៧៧ ឆ្នាំ។ ដោយកាលណោះ នៅភាគពាយព្យនៃប្រទេសឥណ្ឌា មានជនជាតិមួយឈ្មោះថា «ជនជាតិតាត៌» បានធ្វើសង្គ្រាមវាតទីដណ្ដើមយកទឹកដីភាគខាងលិចនៃប្រទេសឥណ្ឌាបុរាណ និងទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់។ ក្រោយឈ្នះលើគូបដិបក្ខទាំងពួងហើយ ពួកតាត៌បានលើកស្ទួយមេដឹកនាំរបស់ខ្លួនម្នាក់ឲ្យឡើងធ្វើជាព្រះមហាក្សត្រ ដោយមានព្រះបរមនាមសម្រាប់រាជ្យថា «មហាសកៈ ឬ មហាសករាជ»។ តាំងពីពេលនោះមក ប្រជារាស្រ្តរាល់គ្នាក៏ចាប់ផ្ដើមរាប់ឆ្នាំ «មហាសករាជ» តាំងពីពេលនោះមក។

តាមព្រះរាជពង្សាវតារខ្មែរ ភាគទី២ បានឲ្យដឹងថា មហាសករាជ ត្រូវបានប្រជារាស្រ្តខ្មែរប្រើប្រាស់តាំងពីដើមសតវត្សទី១០ នៃពុទ្ធសករាជ (ព.ស. ៩២១) មកម្ល៉េះ ពោលគឺនៅក្នុងសម័យអាណាចក្រភ្នំ។

២៖ អំពីចុល្លសករាជ (សករាជតូច)

ចុល្លសករាជ (ច.ស.) ចាប់ផ្ដើមរាប់ចាប់ពីថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ១១៨១, នេះបើយោងតាមវចនានុក្រមខ្មែរ ភាគ ១ ទំព័រ ១៥២។ រីឯព្រះរាជពង្សាវតាក្រុងកម្ពុជា ដែលរៀបរៀងដោយលោកទេពពិទូ ឈឹម ក្រសេម នោះ ក៏បានឲ្យដឹងដែរថា ព្រះបាទជ័យវរ្ម័នទី១ ទ្រង់បានចេញព្រះរាជឱង្ការឲ្យប្រើប្រាស់ចុល្លសករាជជាលើកដំបូង ក្នុងពុទ្ធសករាជ ១១៨១ ត្រូវនឹងគ្រិស្ដសករាជ ៦៣៧ ពោលគឺក្នុងពេលដែលទ្រង់ឡើងសោយរាជ្យសម្បត្តិនៅរាជធានីឦសានបុរៈ គឺនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ បច្ចុប្បន្ន។

យោងតាមឯកសារបានបញ្ជាក់ថា ពុទ្ធសករាជ និងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាបានធ្វើបម្លាស់ទីចូលមកក្នុងប្រទេសខ្មែរ ទើបបានជាអ្នកស្រុកខ្មែរយើងនិយមប្រើពុទ្ធសករាជ និងមហាសករាជ តាមអារ្យធម៌ឥណ្ឌាតាំងពីសម័យនោះមក។ តែកាលពីសម័យនគរភ្នំរហូតមកដល់សម័យមហានគរ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជ និងចុល្លសករាជជាផ្លូវការនៅក្នុងការរាជការនៅឡើយទេ គឺប្រើតែមហាសករាជម្យ៉ាងប៉ុណ្ណោះ។ លុះមកដល់ខាងចុងសម័យអង្គរ ទើបមានប្រើចុល្លសករាជជាផ្លូវការ រួមជាមួយពុទ្ធសករាជ និងមហាសករាជ ខណៈសេចក្ដីរៀបរាប់ទាំងនេះ គឺដឹងបានដោយសារមានសិលាចារឹកជាភស្ដុតាង។

ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជាតាំងពីរជ្ជកាលព្រះបាទសម្ដេច ព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបាទអង្គឌួង គឺតាំងពីពុទ្ធសករាជ ២៣៨៩ ត្រូវនឹងគ្រិស្ដសករាជ ១៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស និងប្រទេសកម្ពុជាមានការទាក់ទងគ្នាតាំងពីសម័យនោះមក៕

* របៀបហៅ «ស័ក» គឺរាប់តាមចុល្លសករាជ

ស័ក ជាពាក្យសំស្ក្រឹតដែលប្រែមកពាក្យខ្មែរថា កាល, សម័យ, ឬការរាប់លំដាប់ឆ្នាំ។ នៅក្នុងវប្បធម៌ខ្មែរ «ស័ក» មានចំនួន ១០ ក្នុងនោះរួមមាន ឯកស័ក (១) ទោស័ក (២) ត្រីស័ក (៣) ចត្វាស័ក (៤) បញ្ចស័ក (៥) ឆស័ក (៦) សប្តស័ក (៧) អដ្ឋស័ក (៨) នព្វស័ក (៩) សំរឹទ្ធស័ក (១០)។ រីឯឆ្នាំរាសីមាន ១២ ដោយរួមមាន ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ។

បើស័កមាន ១០ ឯឆ្នាំរាសីមាន ១២ តើរបៀបរាប់លំដាប់ស័ក ធ្វើតាមណា? គឺគេរាប់តាមចំនួនលេខនៅកន្ទុយឆ្នាំចុល្លសករាជ។ បើកន្ទុយមានលេខប៉ុន្មាន នោះការរាប់លំដាប់ស័ក គឺរាប់តាមចំនួនលេខនោះឯង។ ឧទាហរណ៍ ឆ្នាំថ្មីនេះ ត្រូវនឹងមហាសករាជ ១៩៤៣ និងចុល្លសករាជ ១៣៨៣ ដែលមានកន្ទុយលេខ ៣ ហើយលេខ ៣ នេះ ត្រូវនឹងភាសាបាលីសំស្ក្រឹតថា «ត្រី» ដូច្នេះគេត្រូវហៅថា «ត្រីស័ក»

ដូច្នេះហើយ ចាំដល់ផុតថ្ងៃពិសាខបូជាខាងមុខ ទើបអាចរាប់ឆ្នាំពុទ្ធសករាជ ២៥៦៥ បាន ដោយឡែកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ពុទ្ធសករាជ គឺនៅត្រឹមឆ្នាំ ២៥៦៤ នៅឡើយទេ៕