(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានជូនដំណឹង ស្ដីពីការពន្យាពេលប្រកួតក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូនឌានលីគ និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ រយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ជាបណ្ដោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីយប់មិញ ។

CNCC បានជូនដំណឹងនាល្ងាចថ្ងៃព្រហស្បតិ៍នេះថា ដោយសារមានកីឡាករក្លិបបាល់ទាត់មួយចំនួន នៅតាមគេហដ្ឋានទីកន្លែងស្នាក់នៅរៀងៗខ្លួន ពិបាកក្នុងការចូលរួមហ្វឹកហាត់ជាប្រចាំ ក៏ដូចជាការប្រកួត និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ CNCC បានសម្រេចពន្យាពេលការប្រកួតពានសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងលីគ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥-២៨ ខែមេសា ហើយកាលបរិច្ឆេទកម្មវិធីប្រកួតថ្មី នឹងត្រូវជូនដំណឹងតាមក្រោយ ។

ទន្ទឹមជាមួយគ្នា ស្ថាប័នទទួលបន្ទុករៀបចំព្រឹត្តិការណ៍បាល់ទាត់ថ្នាក់ជាតិធំៗទាំងពីរខាងលើ បានស្នើឲ្យក្លិបបាល់ទាត់ទាំងអស់ បន្ដដាស់តឿនដល់មន្ដ្រីក្រុម កីឡាករ និងសមាជិកក្រុមការងារគ្រប់រូបឲ្យអនុវត្តវិធានការ ៣ការពារ និង ៣កុំ ឲ្យបានម៉ឹងម៉ាត់ ។ ក្នុងករណីមានការសង្ស័យអំពីជំងឺកូវីដ-១៩ ដាច់ខាតត្រូវអនុវត្ដវិធានការចត្ដាឡីស័កជាបន្ទាន់ចំពោះបុគ្គលនោះ និងអ្នកពាក់ព័ន្ធ ហើយត្រូវរាយការណ៍ភ្លាមៗមកកាន់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ។

គួរបញ្ជាក់ថា ការសម្រេចពន្យាពេលការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខាងលើ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបិទភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចុះនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ គ្រាដែលជំងឺដ៏កាចសាហាវនេះ កំពុងមានការរីករាលដាលខ្លាំងនៅកម្ពុជា ពិសេសភូមិសាស្ដ្រខាងលើតែម្ដង ៕